
កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដែលត្រូវបានចុះហត្ថលេខាអំឡុងឆ្នាំ២០១៨ រវាងប្រទេសជាសមាជិកចំនួន១១ រួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចំនួនសមាជិកបានកើនឡើងដល់១២ប្រទេស ក្រោយពេលដែលប្រទេសអង់គ្លេស បានចូលរួមកាលពីឆ្នាំមុន ខណៈដែលមហាយក្សចិន ក៏ចង់ចូលរួមដែរ។
រដ្ឋមន្ត្រីពាណិជ្ជកម្មស៊ុយអែត លោក បេនចាមីន ដូសា (Benjamin Dousa) បានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសជាសមាជិក និងប្រទេសទាំង១២ ដែលបានចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP រួបរួមកម្លាំងគ្នា វានឹងបង្កើតបានជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក។
លោកបានបន្ថែមថា ខណៈដែលសហរដ្ឋអាម៉េរិក កំពុងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនកាន់តែខ្លាំងឡើង អឺរ៉ុបមានឱកាសបើកទូលាយជាងមុនដើម្បីទទួលយកការធ្វើពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។
សូមបញ្ជាក់ថា គោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យសណ្ដាប់ធ្នាប់ពាណិជ្ជកម្មពិភពលោកដែលមានច្រើនទសវត្សរ៍មកហើយក្រឡាប់ចាក់ និងបានធ្វើឱ្យបាត់បង់ទំនុកចិត្តពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ហើយបានបង្កការភ័យខ្លាចសម្រាប់ពិភពលោកក្នុងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច៕
ដោយ: តែម សុខុម