រដ្ឋាភិបាលស្វីស បានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិទាំងអស់ ដែលកាន់កាប់ដោយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងមនុស្សពាក់ព័ន្ធជាមួយលោករយៈពេល៤ឆ្នាំ តែមិនបានបញ្ជាក់ពីទំហំ និងទ្រព្យសម្បត្តិដែលត្រូវបង្កកមានអ្វីខ្លះនោះទេ។ គោលបំណងនៃការបង្កកទ្រព្យសម្បត្តិនេះ ត្រូវបានរដ្ឋាភិបាលស្វីស អះអាងថា ធ្វើឡើងដើម្បីធានាថា ទ្រព្យសម្បត្តិ ដែលទទួលបានដោយខុសច្បាប់ណាមួយក្រោមរដ្ឋបាលរបស់លោក ម៉ាឌូរ៉ូ មិនអាចផ្ទេរចេញពីប្រទេសស្វីសបានក្នុងស្ថានភាពបច្ចុប្បន្ននេះ។
នេះជាការប្រកាសបង្កកទ្រព្យសម្បត្តិលើកដំបូងចាប់តាំងពីលោក ម៉ាឌូរ៉ូ ត្រូវបានកងកម្លាំងពិសេសរបស់សហរដ្ឋអាម៉េរិក ចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦។ រដ្ឋាភិបាលស្វីស បានសង្កត់ធ្ងន់ថា ប្រសិនបើដំណើរការផ្លូវច្បាប់នាពេលអនាគតបង្ហាញថា មូលនិធិទាំងនោះត្រូវបានទទួលដោយខុសច្បាប់ ប្រទេសស្វីសនឹងព្យាយាមការពារទុកធ្វើជាទ្រព្យធានា សម្រាប់បម្រើផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនវេណេស៊ុយអេឡា៕
ដោយៈ សរ សុជាតិ