
នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ឆូ ជុងតៃ (Cho Jung-tai) បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា រដ្ឋាភិបាលតៃវ៉ាន់នឹងចំណាយប្រាក់ប្រមាណ២,៦ពាន់លានដុល្លារអាម៉េរិក ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់លោក ត្រាំ ដោយក្នុងនោះថវិកាជាង២,១ពាន់លានដុល្លារសម្រាប់គាំទ្រដល់ក្រុមហ៊ុនឧស្សាហកម្ម ហើយនៅសល់ប៉ុន្មានទៀតសម្រាប់ជួយទ្រទ្រង់ដល់វិស័យកសិកម្ម។
លោក ឆូ បានប្រាប់អ្នកសារព័ត៌មានជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីថា ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បានណែនាំជាពិសេសដល់រដ្ឋាភិបាលឱ្យផ្តល់ការគាំទ្រដ៏ធំបំផុតដល់ឧស្សាហកម្ម និងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ច ដែលជាកិច្ចការសំខាន់បំផុតនាពេលបច្ចុប្បន្ន។
ឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់ លោកស្រី ឆេង លីឈុន (Cheng Li-chun) បាននិយាយថា កញ្ចប់ថវិកានេះមានបំណងកាត់បន្ថយផលប៉ះពាល់ បង្កើនការប្រកួតប្រជែង និងភាពរឹងមាំនៃសេដ្ឋកិច្ច និងបើកចំហទីផ្សារថ្មី និងការងារ ហើយថា វិធានការមួយចំនួនក៏នឹងរួមបញ្ចូលផងដែរ ដូចជាការកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីពាណិជ្ជកម្មមានតម្លៃជាង៦ពាន់លានដុល្លារ និងការកាត់បន្ថយថ្លៃធានារ៉ាប់រង។
វិធានការរបស់តៃវ៉ាន់នេះ បានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានដាក់ពន្ធលើដៃគូពាណិជ្ជកម្មសកលរួមទាំងសម្ពន្ធមិត្តដោយធ្វើឱ្យខូចសណ្ដាប់ធ្នាប់ពាណិជ្ជកម្មពិភពលោកដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ និងបង្កឱ្យក្រុមហ៊ុនអាជីវកម្មចលាចលផងដែរ ខណៈតៃវ៉ាន់ បានរងការយកពន្ធ៣២% ដែលនឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆាប់ៗនេះ៕
អត្ថបទ៖ សុខ មង្គល