ទោះយ៉ាងណា រោងចក្រឈីបដែលគ្រោងសាងសង់នៅអឺរ៉ុប នឹងផ្តោតសំខាន់សម្រាប់ការបំពាក់លើរថយន្ត។
លោក Chung Ching Wei នាយកប្រតិបត្តិក្រុមហ៊ុន TSMC បាននិយាយថា នៅតំបន់អឺរ៉ុប ក្រុមហ៊ុនបានភ្ជាប់ជាមួយអតិថិជន និងដៃគូ ដើម្បីវាយតម្លៃពីលទ្ធភាពនៃការសាងសង់រោងចក្រ ឯកទេសផ្តោតលើបច្ចេកវិទ្យាសម្រាប់បំពាក់លើយានយន្ត ដោយផ្អែកតាមតម្រូវការពីអតិថិជន និងកម្រិតនៃការគាំទ្ររបស់រដ្ឋាភិបាល។ បន្ថែមលើនេះ TSMC ក៏កំពុងពិចារណាសង់រោងចក្រទីពីរនៅជប៉ុនផងដែរ ក្រោមការចូលរួមគ្នាជាមួយក្រុមហ៊ុន Sony។
គួរដឹងថា ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ បានផលិតឈីបសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោកជាច្រើន ដោយរួមមានក្រុមហ៊ុន Apple, អីនវីឌៀ(Nvidia), ខ្វលខម(Qualcomm) និង MediaTek។ ក្រុមហ៊ុននឹងបន្តផ្តល់ឱ្យអតិថិជនរបស់ខ្លួន មានភាពងាយស្រួល ស្របទៅតាមទីតាំងភូមិសាស្រ្ត ពោលគឺជាជម្រើសបង្កើតរោងចក្រផ្គត់ផ្គង់នៅក្រៅពីកោះតៃវ៉ាន់។
គម្រោងពង្រីករោងចក្រនេះ ធ្វើឡើងចំពេលដែលឧស្សាហកម្មឈីបសាកល ត្រូវបានរាយការណ៍ថា នឹងធ្លាក់ចុះ ៤% នៅឆ្នាំ២០២៣នេះ តែមិនរាប់បញ្ចូលបន្ទះឈីបអង្គចងចាំនោះទេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន TSMC បានប៉ាន់ស្មានថា ប្រាក់ចំណូលរបស់ខ្លួន នឹងធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះដែរ ខណៈនឹងងើបឡើងវិញនៅឆមាសទី២។
លោក Wendell Huang ប្រធានមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន TSMC បាននិយាយថា ថវិកាចំណាយរបស់ក្រុមហ៊ុនគឺគ្រោងប្រមាណពី៣២ដល់៣៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ ខណៈដែលក្រុមហ៊ុនត្រូវការត្បិតត្បៀតការចំណាយរបស់ខ្លួនបន្តិច ដោយសារតម្រូវការខ្សោយ ទោះបីត្រូវពង្រីករោងចក្រក៏ពិតមែន។ ផ្ទុយមកវិញ ថវិកាសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងឆ្នាំ២០២៣ អាចពង្រីកលើសពីឆ្នាំមុនដល់ទៅ ២០% ឯណោះ។
សូមជម្រាបថា ចំណូលសុទ្ធរបស់ក្រុមហ៊ុន TSMC សម្រាប់ខែតុលា ដល់ ខែធ្នូ ឆ្នាំ២០២២ បានកើនឡើង៧៨% ស្មើនឹង ៩,៧ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ សរុបជារួម ប្រាក់ចំណូលសម្រាប់ពេញមួយឆ្នាំ២០២២ គឺបានឈានដល់ជាង ៧៤ពាន់លានដុល្លារ ដែលបានកើនឡើងជាង ៤២% ធៀបនឹងឆ្នាំ២០២១៕
អត្ថបទ ៖ នៅ សំភី