![វិស័យសេដ្ឋកិច្ច](https://cdn.cambonomist.com/media/images/chbnhhbrchhmthngnthngrbphtsmrbtphs.2e16d0ba.fill-960x540.jpg)
ធនាគារយក្សអាម៉េរិក JPMorgan ដែលជាធនាគារវិនិយោគធំបំផុតទី៥ ក្នុងពិភពលោក បានអះអាងថា ៥១%នៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិប្រចាំឆ្នាំរបស់ខ្លួនចំនួន៤,២៣៣នាក់ បានព្យាករថា អតិផរណាបូករួមជាមួយពន្ធគយ គឺជាកត្តាដ៏ចម្បងដែលអាចជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមកលើទីផ្សារនានាជុំវិញពិភពលោកនៅឆ្នាំ២០២៥។ ការស្ទង់មតិរបស់ខ្លួនក្នុងឆ្នាំ២០២៤ បញ្ហាអតិផរណា ក៏ជាក្ដីបារម្ភកំពូលមួយដែរ ប៉ុន្តែមានចំណែកគ្របដណ្ដប់ត្រឹមតែ២៧% ប៉ុណ្ណោះ នៃអ្នកដែលឆ្លើយតបនៅក្នុងការស្ទង់មតិនោះ។
ការគំរាមកំហែងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធគយលើទំនិញនាំចូលពីបរទេស និងវិស័យសំខាន់ៗមួយចំនួនផ្សេងទៀត បានធ្វើឱ្យទីផ្សារក្នុងពិភពលោកជ្រួលច្របល់ក្រឡាប់ចាក់រួចមកហើយកាលពីពេលថ្មីៗនេះ។ តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗនៅក្នុងពិភពលោកបានដាំក្បាលចុះកាលពីថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា និងដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីប្រទេសចិន។ លុះនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី៤ ខែកុម្ភៈ សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗទាំងនោះ ក៏បានហក់ឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលអនុវត្តការដំឡើងពន្ធគយ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា រយៈពេល៣០ថ្ងៃ។
លោក ឈី អិនហ្សេលូ (Chi Nzelu) អ្នកជំនាញជាន់ខ្ពស់នៅធនាគារ JPMorgan បានលើកឡើងថា នៅដើមសប្ដាហ៍នេះ ក្រុមឈ្មួញ ឬអ្នកជួញដូរចាប់ផ្ដើមមានសកម្មភាពជួញដូរយ៉ាងសកម្មឡើងវិញ ស្របពេលរូបិយប័ណ្ណនានាធ្លាក់ថ្លៃចន្លោះពី១% ទៅ២% ដូចជាលុយដុល្លារកាណាដា លុយប៉េសូរបស់ម៉ិកស៊ិក និងលុយយន់របស់ចិន ជាដើម៕
ដោយ: តែម សុខុម