លោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ដោយសារជម្លោះភូមិសាស្រ្តនយោបាយនៅតំបន់មជ្ឈិមបូព៌ា លោកស្នើឱ្យរដ្ឋាភិបាលពិចារណាបញ្ចុះពន្ធលើការនាំចូលប្រេងឥន្ធនៈ ដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ ស្ថិតក្នុងកាលៈទេសៈ នៃវិបត្តិថាមពល និងប្រេងលើសកលលោក ដែលហាក់មិនងាយរកទីបញ្ចប់ឃើញនេះ ទាមទារឱ្យរដ្ឋាភិបាលបង្កើនការស្តុកទុកប្រេងបម្រុងដោយខ្លួនឯង និងសន្សំសំចៃប្រេងឥន្ធនៈ ក៏ដូចជាស្រូបទាញថាមពលបៃតងមកប្រើប្រាស់ជាដើម។
ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមខ្វះខាតប្រេងឥន្ធនៈ ស្របពេលកម្ពុជាកំពុងប្រឈមនឹងតម្លៃប្រេងកើនឡើងខ្ពស់ផងនោះ រដ្ឋាភិបាលគួរពិចារណាបន្ធូរបន្ថយ ឬលើកលែងពន្ធនាំចូលប្រេងឥន្ធនៈក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ដើម្បីលើកទឹកចិត្តឱ្យមានការនាំចូលប្រេងឱ្យបានច្រើនបន្ថែមទៀត។ ជាងនេះទៅទៀត លោកស្នើឱ្យមានការបង្កើនបរិមាណបម្រុងប្រេងឱ្យមានវិសាលភាពធំជាងមុន ដើម្បីធានានិរន្តភាព ខណៈប្រេងឥន្ធនៈជាទំនិញយុទ្ធសាស្រ្តដ៏សំខាន់ជំរុញឱ្យមានស្ថិរភាពសេដ្ឋកិច្ចសង្គម និងនយោបាយ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សង្កេតឃើញថា ការបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈ គឺជារឿងសំខាន់ ហើយកម្ពុជា ចាំបាច់ត្រូវស្វែងរកប្រភពនាំចូលប្រេងថ្មីបន្ថែមទៀត ក៏ដូចជាត្រៀមបម្រុងប្រេងស្តុកទុក ដែលអាចធានាការប្រើប្រាស់បានយូរជាងមុនជាដើម។ លោកបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះនឹងជួយរក្សាស្ថិរភាព នៃតម្លៃប្រេងក្នុងស្រុក ក៏ដូចជាជំរុញឱ្យដំណើរការគ្រប់វិស័យ ដើម្បីបន្តកំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា បន្ទាប់ពីបិទការនាំចូលប្រេងពីប្រទេសថៃ កម្ពុជា បានងាកមកទៅបង្កើនការនាំចូលប្រេងពីប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ដើម្បីយកមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏កំពុងស្វែងរកប្រភពប្រេងពីប្រទេសផ្សេងទៀត ដើម្បីយកមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក ហើយកម្ពុជា ក៏កំពុងសិក្សាបង្កើតរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯងនាពេលខាងមុខផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា