កម្ពុជា រំពឹងថា តាមរយៈវត្តមានរបស់ទីស្នាក់ការនេះ វានឹងជួយជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងអាម៉េរិក និងកម្ពុជា កាន់តែមានភាពល្អប្រសើរ ដ្បិតវិនិយោគិនអាម៉េរិក កាន់តែមានភាពងាយស្រួលក្នុងការមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ កម្ពុជា គឺជាប្រទេសទី៧ ក្នុងតំបន់អាស៊ាន ដែលក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន នឹងបង្កើតទីស្នាក់ការផ្ទាល់របស់ខ្លួន។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា តាមរយៈការបើកទីស្នាក់ការអចិន្ត្រៃយ៍នៅកម្ពុជា របស់ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាននេះ វានឹងកាន់តែផ្តល់ទំនុកចិត្តបន្ថែមទៀតសម្រាប់វិនិយោគិនអាម៉េរិកឱ្យមកបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ពិសេសបណ្តាក្រុមហ៊ុនអាម៉េរិក ដែលមានមូលដ្ឋានវិនិយោគនៅប្រទេសក្នុងតំបន់អាស៊ានស្រាប់តែម្តង ខណៈបច្ចុប្បន្នកម្ពុជាបានជ្រើសរើសតំណាងក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ប្រចាំកម្ពុជា រួចរាល់ហើយ និងកំពុងជំរុញការរៀបចំកិច្ចការងារនេះឱ្យបានឆាប់រហ័សផងដែរ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន មានសមាជិកប្រមាណ១៨៥ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនធំរបស់សហរដ្ឋអាម៉េរិក ដែលមានចំណូលសរុបប្រមាណជាង៧ទ្រីលានដុល្លារ។ បច្ចុប្បន្នក្រុមប្រឹក្សាធុរកិច្ចនេះមានទីស្នាក់ការចំនួន ៧ទីតាំងធំៗ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងប្រទេសអាស៊ានចំនួន៦។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកការបង្កើតទីស្នាក់ការធុរកិច្ច អាម៉េរិក-អាស៊ាន នៅកម្ពុជា នាពេលនេះ គឺស្របគ្នាជាមួយនឹងផែនការពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានលទ្ធផលល្អប្រសើរនាពេលថ្មីៗ។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈវត្តមានរបស់ការិយាល័យធុរកិច្ចនេះ នឹងអាចទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក នៅកម្ពុជា កាន់តែច្រើននៅឆ្នាំក្រោយ ពិសេសក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលតែម្តង។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវជឿជាក់ថា តាមរយៈការបង្កើតទីស្នាក់ការផ្ទាល់នៅកម្ពុជា របស់ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាននេះ វានឹងជំរុញឱ្យការធ្វើធុរកិច្ចរវាងអាម៉េរិក និងកម្ពុជា កាន់តែមានការរីកចម្រើនបន្ថែមទៀត ជាពិសេសវិនិយោគិនអាម៉េរិក កាន់តែមានភាពងាយស្រួលក្នុងការមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីជំរុញឱ្យការវិនិយោគរបស់អាម៉េរិក នៅកម្ពុជា កាន់តែទទួលបានលទ្ធផលផ្លែផ្កាយ៉ាងរលូននោះ អ្នកជំនាញរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាល គួរពង្រឹងបន្ថែមនូវកិច្ចការមួយចំនួន ដូចជាភាពស្មុគស្មាញនៃការរៀបចំនីតិវិធីវិនិយោគ លុបបំបាត់រូបភាពអវិជ្ជមានមួយចំនួនដូចជា ការឆបោកតាមប្រព័ន្ធអនឡាញ និងការរក្សាបាននូវតម្លាភាពពាណិជ្ជកម្មជាដើម មិនតែបុណ្ណោះទាមទារឱ្យមានការលើកទឹកចិត្តបន្ថែមទៀតពីរដ្ឋលើការកាត់បន្ថយថ្លៃដើមផលិតនៅកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កម្ពុជានៅតែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនអាម៉េរិក នាថ្ងៃអនាគត ដ្បិតថា កម្ពុជាមានកម្លាំងពលកម្មដែលជាយុវជនច្រើន ដែលពួកគេអាចបម្រើការងារក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថលបានល្អប្រសើរផងដែរ។ ទន្ទឹមនេះអ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ក៏អាចរៀនសូត្របន្ថែមទៀតពីវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក ដើម្បីចាប់យកមកបំពេញបន្ថែមនៅកម្ពុជា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
គួរជម្រាបថា គម្រោងសាងសង់ទីស្នាក់ការនៅកម្ពុជា ជាលើកដំបូងរបស់ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាននេះ ត្រូវបានង្ហើបឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាលើកទី១ហើយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល៤១ឆ្នាំរបស់ក្រុមប្រឹក្សានេះ ដែលនឹងមានទីស្នាក់ការ ដើម្បីប្រតិបត្តិការផ្ទាល់នៅកម្ពុជា ហើយក៏ជាវឌ្ឍនភាពដ៏សំខាន់មួយនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ៕