

កម្មវិធីអាហារូបករណ៍នេះមានឈ្មោះថា “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ TECHO DIGITAL TALENT SCHOLARSHIP” ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការ បណ្តុះបណ្តាលធនធានមនុស្ស ការលើកទឹកចិត្តដល់យុវជនឆ្នើមកម្ពុជាឱ្យសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាអ្នកដឹកនាំអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនាពេលអនាគត។
នៅក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងទៅ កម្មវិធីនេះបានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន ១០០នាក់ ដោយ ជ្រើសរើសចេញពីសិស្សដាក់ពាក្យប្រឡងប្រជែងសរុបចំនួន ២.៩៣៨នាក់។ យោងតាមចំនួននៃការ ដាក់ពាក្យប្រកួតប្រជែងកាលពីឆ្នាំមុន យើងសង្កេតឃើញថាកម្មវិធីអាហារូបករណ៍នេះមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន យុវនារីដើម្បីសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដែលជាជំនាញមួយមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន ហើយចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

កម្មវិធីអាហារូបករណ៍ដ៏ពិសេសនេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិតក្នុងនោះរួមមាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅហូបចុក ៣២០.០០០ រៀល ក្នុងមួយខែ សម្រាប់រយៈពេល៤ឆ្នាំ ព្រមទាំងផ្តល់ កុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ការសិក្សាផងដែរ។
ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុក អភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត មានសេចក្តីសោមនស្ស រីករាយ និងសម្តែងនូវគារវកិច្ចដឹងគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្កើន ចំនួនអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មីនេះរហូតដល់ ១៥០កន្លែង ដែលនឹងផ្តល់ជូនដល់និស្សិតឆ្នើម សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលសិក្សានៅគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី សូមលើកទឹកចិត្ត និងអំពាវនាវដល់យុវជនយុវនារីយើងពិចារណាចាប់យក ការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹង សមត្ថភាពរបស់ខ្លួនក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ ជីវភាព ផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ នៅក្នុងយុគសម័យ ឌីជីថល។

ដើម្បីទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បេក្ខជន បេក្ខនារីត្រូវមកចុះឈ្មោះ ប្រឡងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ។

លក្ខខណ្ឌដើម្បីដាក់ពាក្យប្រឡង បេក្ខជន បេក្ខនារីត្រូវតែជាសិស្សដែលជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសរួម A B ឬ C ចំពោះសិស្សដែលមាននិទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ(គណិតវិទ្យា និងរូបវិទ្យា)។ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ អាហារូបករណ៍នេះត្រូវបានលើកទឹកចិត្តចំពោះសិស្សដែលមាន ជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល និងសិស្សនារី។
ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងមកបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាតាមរយៈ៖
· លេខទូរស័ព្ទ ៖ ០១៥ ៣៣៥ ៨៧៧
· អ៊ីម៉ែល ៖ [email protected]
· គេហទំព័រ ៖ www.cadt.edu.kh
· ហ្វេសប៊ុក ៖ fb.com/CADT.Academy
· តេឡេក្រាម ៖ t.me/CADT_Official
· អាសយដ្ឋាន ៖ ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
