សារព័ត៌មានដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាម៉េរិក CNN បានចុះផ្សាយថា រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅក្នុងឆ្នាំ២០២៥ នេះ ដោយព្រលានយន្តហោះនេះមានសមត្ថភាពអាចផ្ទុកភ្ញៀវទេសចរបានច្រើនជាង៦ដង។
នេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់ប្រទេសកម្ពុជាក្នុងការជំរុញចំនួនភ្ញៀវទេសចរ ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ផងដែរដោយដំបូងឡើយអាកាសយានដ្ឋានអន្តរជាតិតេជោនេះ មានសមត្ថភាពស្វាគមន៍អ្នកដំណើរប្រចាំឆ្នាំរហូតដល់១៣លាននាក់ ហើយនឹងកើនឡើងជាលំដាប់រហូតដល់៣០លាននាក់នាពេលអនាគត។
ដោយមានទីតាំងស្ថិតនៅចម្ងាយជិត២០គីឡូម៉ែត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញនោះ អាកាសយានដ្ឋានថ្មីនេះនឹងក្លាយជាសំណង់អគារដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើតាមក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners បានឱ្យដឹងថា គម្រោងបង្កើតថាមពលពន្លឺព្រះអាទិត្យនៅអាកាសយានដ្ឋានថ្មីនេះ ក៏បានក្លាយជាអគារមួយដែលមិនប៉ះពាល់ដល់បរិស្ថាននៅលើពិភពលោកផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងមានឥទ្ធិបំផុតលើពិភពលោកជាច្រើនទៀតរួមមានផ្សារត្រីក្រុងស៊ីដនីថ្មី (New Sydney Fish Market) របស់ប្រទេសអូស្ត្រាលី, សណ្ឋាគារក្រេនរីង (Grand Ring) នៅទីក្រុងអូសាកា ប្រទេសជប៉ុន, អគារ Life and Mind នៅទីក្រុងអូកស្វ៊ើតចក្រភពអង់គ្លេស, សាលារៀនកាណាដា (Canadian School) នៅប្រទេសម៉ិកស៊ិក, ស្ថានីយខាងត្បូង (South Station) នៅទីក្រុងបូស្តន់សហរដ្ឋអាម៉េរិក, វិទ្យាស្ថានហ្គោ អេដ (Goethe) នៅប្រទេសសេណេហ្កាល់, អគារវប្បធម៌អ៊ឺបេនក្លេន (Urban Glen) នៅខេត្តហាងចូប្រទេសចិន, ផ្លូវរថភ្លើងក្រោមដី Riyadh Metro នៅប្រទេសអារ៉ាប៊ីសាអូឌីត, មជ្ឈមណ្ឌលពាណិជ្ជកម្មស្កាយផាក (Skypark Business Center) នៅប្រទេសលុចសំបួរ និងចុងក្រោយគឺស្ពានតានជាំង (Danjiang) នៅកោះតៃវ៉ាន់៕
អត្ថបទ៖ សុខ មង្គល