ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការងារសាងសង់ជាង៩៤% ហើយ និងបានចំណាយថវិកាអស់ប្រមាណជិត១ពាន់៤រយលានដុល្លារ ដោយថវិកាទាំងនេះត្រូវបានចំណាយលើការងារសាងសង់ និងដោះស្រាយផលប៉ះពាល់នានា។ បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិតម្លៃប្រមាណ១ពាន់៥រយលានដុល្លារនេះគ្រោងសម្ពោធដាក់ឱ្យដំណើរការសមិទ្ធផលដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈតាមផែនការដំបូងព្រលានយន្តហោះនេះគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ ឆ្នាំ២០២៥។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោមានបុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារនៅការដ្ឋានសាងសង់សរុបប្រមាណ១ម៉ឺន៥ពាន់៤រយនាក់ ក្នុងនោះជាង៩០%ជាប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ