
ការស្ទង់មតិ ដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាជីវកម្ម និងអចលនទ្រព្យដ៏ធំមួយរបស់ថៃ បានបង្ហាញថា ពលរដ្ឋថៃ ដែលមានអាយុក្រោម៣០ឆ្នាំ និងលើស៤០ឆ្នាំបន្តិចភាគច្រើនរហូតដល់៦៦% ដែលចូលរួមផ្តល់ចម្លើយចូលចិត្តជួលផ្ទះគេជាជាងចំណាយលុយទាំងដុលទៅផ្ទះសម្រាប់ស្នាក់នៅ។
នេះជាការផ្លាស់ប្តូរថ្មីមួយ ដែលអ្នកអភិវឌ្ឈន៍វិស័យអចលនទ្រព្យត្រូវរៀបចំយុទ្ធសាស្រ្តទីផ្សារ និងគោលដៅវិនិយោគរបស់ខ្លួន។ កត្តាដែលជំរុញឱ្យពួកគេចង់ជួលផ្ទះជាជាងចំណាយលុយទិញផ្ទះ គឺដោយសារពួកគេមិនចង់ចំណាយលុយច្រើន និងជំពាក់បំណុលគេជាដើម។
លោក ប្រាផាន់សាក់ រ៉ាកឆៃវ៉ាន់ (Praphansak Rakchaiwan) នាយកប្រតិបត្តិក្រុមហ៊ុន LWS ដែលជាក្រុមហ៊ុនបានស្ទង់មតិខាងលើបានអះអាងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន វាស្របនឹងការរកឃើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank ដែលបង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់នៃដំណើរការផ្ទេរកម្មសិទ្ធិអចលនទ្រព្យនៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងមួយនេះ។
និន្នាការនេះ បានបង្ហាញឱ្យឃើញថា ថ្នត់គំនិតមនុស្សជំនាន់ក្រោយមិនដូចជាមនុស្សជំនាន់មុននោះទេ ដោយពួកគេមានការគិត និងការសម្រេចចិត្តដែលរហ័ស ជាពិសេសពួកគេមិនចង់ជាប់ជំពាក់នឹងអ្វី ដែលត្រូវការពេលវេលាដោះស្រាយយូរ។ បច្ចុប្បន្នផ្ទះជួលនៅប្រទេសថៃមានតម្លៃចន្លោះពី១៥០ ទៅ៣០០ដុល្លារនៅក្នុងមួយខែ៕
ដោយៈ សរ សុជាតិ