បទឈប់បាញ់រយៈពេល២សប្តាហ៍ដ៏សែនផុយស្រួយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កាន់តែមានភាពរកាំរកូសខ្លាំងឡើងនៅថ្ងៃទី១០ ខែមេសា នេះ មុនពេលភាគីទាំងពីរជួបចរចាគ្នានៅក្នុងប្រទេសប៉ាគីស្ថាន។ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ថា បានរំលោភសន្យាពាក់ព័ន្ធនឹងសេរីភាពនាវាចរតាមច្រកសមុទ្រហ័រម៉ូស ខណៈអ៊ីរ៉ង់វាយបកវិញថា ការដែលអ៊ីស្រាអែលបន្តវាយប្រហារលើលីបង់ ក៏ជាការរំលោភលើបទឈប់បាញ់ដូចគ្នាដែរ។
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ និង CNA បានរាយការណ៍ថា មកទល់ពេលនេះគ្មានសញ្ញាណាមួយបង្ហាញថា អ៊ីរ៉ង់នឹងបញ្ឈប់ការបិទច្រកសមុទ្រហ័រម៉ូសនោះឡើយ ដែលការណ៍នេះបានបង្កឱ្យមានការជាប់គាំងការផ្គត់ផ្គង់ថាមពលសកលដ៏អាក្រក់បំផុតមិនធ្លាប់មាន។ ទីក្រុងតេអេរ៉ង់ បានលើកយកការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ មកធ្វើជាប្រធានបទសំខាន់ ដែលធ្វើឱ្យការចរចាបញ្ចប់សង្គ្រាមអាចនឹងជាប់គាំង។
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយរិះគន់អ៊ីរ៉ង់ចំៗថា កំពុងអនុវត្តការងារដ៏អន់បំផុត ក្នុងការបើកលំហូរប្រេង និងបានសង្កត់ធ្ងន់ថា រឿងនេះមិនមាននៅក្នុងកិច្ចព្រមព្រៀងនោះទេ។ ជាក់ស្ដែងនៅក្នុងរយៈពេល២៤ម៉ោងដំបូងនៃបទឈប់បាញ់មាននាវាដឹកប្រេងតែ១គ្រឿង និងនាវាដឹកទំនិញ៥គ្រឿងប៉ុណ្ណោះ ដែលបានឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស។ បើប្រៀបធៀបនឹងស្ថានភាពមុនសង្គ្រាម ច្រកផ្លូវទឹកដ៏សំខាន់នេះធ្លាប់មាននាវាដឹកប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់រហូតដល់១៤០គ្រឿងក្នុងមួយថ្ងៃ។
បន្ថែមលើភាពតានតឹងនេះមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតុលឡា ម៉ូតាបា ខាមេនេអ៊ី (Ayatollah Mojtaba Khamenei) បានចេញសេចក្តីថ្លែងការណ៍ដោយអះអាងយ៉ាងម៉ឺងម៉ាត់ថា អ៊ីរ៉ង់នឹងសងសឹកយ៉ាងចាស់ដៃចំពោះសង្គ្រាមនេះ។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនបណ្ដោយឱ្យជនឈ្លានពាន និងឧក្រិដ្ឋជនសង្គ្រាម ដែលវាយប្រហារប្រទេសខ្លួន រួចខ្លួនដោយគ្មានទោសពៃរ៍នោះឡើយ ហើយអ៊ីរ៉ង់នឹងទាមទារសំណងសម្រាប់ការខូចខាតគ្រប់បែបយ៉ាង។
យ៉ាងណាមិញពិភពលោកកំពុងរង់ចាំមើលលទ្ធផល នៃកិច្ចចរចាសន្តិភាពនៅថ្ងៃទី១១ ខែមេសា ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ភាគីអាម៉េរិក នឹងត្រូវដឹកនាំដោយឥស្សរជនសំខាន់ៗរួមមានអនុប្រធានាធិបតីលោក ចេឌី វែន (JD Vance), បេសកជនពិសេសលោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងកូនប្រសារលោក ត្រាំ គឺលោក ចេរេដ ខូស្ន័រ (Jared Kushner)៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស