ថ្នាក់ដឹកនាំក្រុមពាណិជ្ជកម្មក្នុងវិស័យឯកជនរបស់ថៃ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងកម្ពុជា កំពុងជំរុញឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន អានុទីន ឆានវីរគុល កាត់បន្ថយពន្ធ និងប្រាក់កម្ចី ក៏ដូចជាវិធានការនានា ដើម្បីជួយដោះស្រាយបញ្ហា នៃការខាតបង់របស់ពួកគេ ដែលបណ្តាលមកពីការបិទព្រំដែន។ ក្រុមពាណិជ្ជករទាំងនោះបានអះអាងថា ការបិទព្រំដែនដែលបានធ្វើតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើឲ្យពួកគេប្រឈមមុខខឹងការខាតបង់ប្រមាណជា១០០ពាន់លានបាត ឫប្រមាណ៣ពាន់លានដុល្លារ។
បើតាមការចុះផ្សាយរបស់កាសែត The Nation ក្រុមពាណិជ្ជករថៃ បានដាក់សំណើបន្ទាន់ចំនួន៣ទៅកាន់គណៈរដ្ឋមន្ត្រី ដោយទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់ ខណៈដែលការបិទព្រំដែន និងការទូតជាមួយប្រទេសកម្ពុជា កំពុងគំរាមកំហែងដល់ប្រាក់ចំណូល និងសេដ្ឋកិច្ចថៃ ទាំងមូល។ ទំហំនៃការខូចខាតនេះត្រូវបានលើកឡើងដោយសមាជិកនៃក្រុមប្រឹក្សាពាណិជ្ជកម្ម ថៃ-កម្ពុជា និងសភាពាណិជ្ជកម្មថៃ ក្នុងអំឡុងពេលពួកគេបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសលោក ស៊ីហាសាក់ ភួងកេតកែវ កាលពីពេលថ្មីៗនេះ។
ក្រុមពាណិជ្ជករបានលើកឡើងថា ការបិទព្រំដែនជាមួយកម្ពុជា បានធ្វើឱ្យរាំងស្ទះដល់ការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជា។ ដើម្បីទប់ទល់នឹងវិបត្តិនេះ ក្រុមពាណិជ្ជករថៃ ស្នើឱ្យរដ្ឋាភិបាលជួយការកាត់បន្ថយពន្ធ ថ្លៃសេវា និងសម្រួលលើការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ដើម្បីធានាថា សហគ្រិនដែលរងផលប៉ះពាល់រក្សាបាននូវសាច់ប្រាក់ងាយស្រួលចាំបាច់ដើម្បីបន្តដំណើរទៅមុខទៀត៕
ដោយៈ សរ សុជាតិ