លោក ណាត់ថាផុន ណាក់ផានិច (Nattapon Nakpanich) រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ នៅថ្ងៃទី១៦ ខែធ្នូ បានចេញមុខប្រកាសក្តែងៗថា ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា កំពុងវិវត្តទៅមុខមួយជំហានម្តងៗ ស្របតាមផែនការរបស់យោធាថៃ ហើយថា លោកគ្មានការព្រួយបារម្ភណាមួយនោះទេ នៅក្នុងដំណាក់កាលនេះ។ នៅពេលសួរពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលផលិតនៅចិន ជំនាន់ចុងក្រោយបំផុត ដែលត្រូវបានរឹបអូសនៅជិតភ្នំ៥០០ តាមការអះអាងរបស់ភាគីថៃ ដែលថា អាចមានអ្នកជួយគាំទ្រនៅពីក្រោយកម្ពុជានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ រូបនេះ បាននិយាយថា ភាគីថៃ មិនទាន់រកឃើញតម្រុយអ្វីនៅឡើយទេ ព្រោះកំពុងស៊ើបអង្កេត ហើយលោកមិនទាន់ទទួលបានការជូនដំណឹងអំពីសំណើរបស់អាជ្ញាធរចិន ដែលសុំយកសព្វាអាវុធទាំងនេះទៅវិញនៅឡើយទេ។
រដ្ឋមន្ត្រីការពារជាតិថៃ រូបនេះ លើកឡើងថា បើយោងតាមច្បាប់របស់ថៃ អាវុធដែលថៃ រឹបអូសបាន គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយអាវុធទាំងនោះជារបស់ថៃ ទាំងស្រុង ដោយថៃ អាចជ្រើសរើសប្រើប្រាស់វា ឬបំផ្លាញវាចោលក៏បាន។ ប៉ុន្តែសម្រាប់ពេលនេះ អាវុធទាំងនោះកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងស៊ើបអង្កេតនៅឡើយ។
ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់បរទេសចំពោះចំណាត់ការរបស់ប្រទេសថៃ ក្នុងការរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងគ្រឿងបរិក្ខារយោធាសម្រាប់ប្រទេសកម្ពុជា រដ្ឋមន្ត្រីការពារជាតិរូបនេះបានអះអាងថា ប្រទេសថៃ កំពុងប្រើប្រាស់មធ្យោបាយតាមផ្លូវសន្តិភាព ខណៈការចាត់វិធានការនេះ គ្រាន់តែដើម្បីរឹតត្បិតសមត្ថភាពប្រតិបត្តិការរបស់កម្ពុជា ក្នុងការធ្វើសកម្មភាពប្រឆាំងនឹងប្រទេសថៃ ប៉ុណ្ណោះ។
លោកណាត់ថាផុន បានបញ្ជាក់ជាថ្មីថា ប្រទេសថៃនឹងយល់ព្រមលើបទឈប់បាញ់ លុះត្រាតែប្រទេសកម្ពុជា បង្ហាញឱ្យឃើញច្បាស់លាស់ និងដោយបើកចំហថា ខ្លួនឈប់បង្កអរិភាពតទៅទៀត។ ហើយនៅពេលសួរថា តើស្ថានភាពសង្គ្រាមព្រំដែនកម្ពុជា-ថៃ អាចបន្តរយៈពេលយូរប៉ុណ្ណាទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ រូបនេះ បានឆ្លើយយ៉ាងខ្លីថា«សូមទុកពេលឱ្យយើងបន្តិចទៀត»៕
ដោយ: តែម សុខុម