កិច្ចព្រមព្រៀងសន្តិភាព

អ្នកជំនាញថៃ ជំរុញឱ្យរដ្ឋាភិបាលថៃ និងកម្ពុជា ងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះ


អ្នកជំនាញរបស់ថៃម្នាក់បានអះអាងថា ប្រទេសថៃ និងកម្ពុជា បានឈានដល់ចំណុចមួយដែលលែងអាចដោះស្រាយជម្លោះតាមយន្តការទ្វេភាគីបានទៀតហើយ ដែលទាមទារឱ្យមានការជួយសម្របសម្រួលពីភាគីទី៣។ សម្រាប់អ្នកជំនាញរូបនេះ វាមិនទាន់យឺតពេលនោះទេសម្រាប់ភាគីទាំងពីរក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ ដើម្បីបញ្ចប់ជម្លោះ។ តែយ៉ាងណានាយករដ្ឋមន្ត្រីថៃ ជិតខ្ទាតចេញពីតំណែង លោក អានុទីន ឆានវីរៈគុល បានប្រកាសហែកចោលកិច្ចព្រមព្រៀងនេះ និងបិទការចរចាជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
កិច្ចព្រមព្រៀងសន្តិភាព
ដោយ

លោកស្រី ពួងថង ប៉ាវ៉ាកាផាន (Paungthong Pawakapan) សាស្ត្រាចារ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជូឡាឡុងកន បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី៨ ខែធ្នូ ថា ប្រទេសថៃ និងកម្ពុជា បានចោទគ្នាទៅវិញទៅមកជុំវិញអ្នកចាប់ផ្តើមវាយប្រហារមុន ក្រោយមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែន ដែលបានកើតឡើងតាំងពីថ្ងៃសៅរ៍ សប្តាហ៍មុន ប៉ុន្តែគ្មានភាគីទីបីអព្យាក្រឹត ឬសាក្សីគួរឱ្យទុកចិត្តណាមួយ ដើម្បីបញ្ជាក់ថា អ្នកណាកំពុងនិយាយការពិតឡើយ ដោយសារយន្តការអាស៊ាន ដែលគេស្គាល់ថា ក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) នោះបានបរាជ័យទាំងស្រុងក្នុងការអនុវត្តភារកិច្ចត្រួតពិនិត្យជម្លោះព្រំដែននេះ។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយក្រោមការចូលរួមធ្វើជាសាក្សីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងប្រធានាធិបតីអាម៉េរិក លោក Donald Trump។ តាមរយៈ​កិច្ចព្រមព្រៀងនេះ ក្រុម AOT ក៏ត្រូវបានបង្កើតឡើងដើម្បីជំនួសក្រុមត្រួតពិនិត្យបណ្តោះអាសន្នដោយមានតំណាងមកពីរដ្ឋសមាជិកអាស៊ាន និងមានភារកិច្ច ដើម្បីធានាថា ប្រទេសទាំងពីរប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះបទឈប់បាញ់ និងរាយការណ៍អំពីវឌ្ឍនភាពទៅប្រាប់អាស៊ាន។

អ្នកជំនាញរូបនេះជឿជាក់ថា បើគ្មានភាគីអព្យាក្រឹតទេ ប្រទេសទាំងពីរនឹងបន្តវដ្តនៃការចោទប្រកាន់ និងការវាយប្រហារគ្នាទៅវិញទៅមកជាក់ជាមិនខាន។ ដើម្បីគេចពីពីជម្លោះ ភាគីទាំងពីរត្រូវតែកាត់បន្ថយភាពតានតឹងជាមុនសិន។ ហើយដើម្បីឱ្យរឿងនេះអាចកើតឡើង អ្នកអង្កេតការណ៍អព្យាក្រឹតត្រូវតែតាមដានស្ថានការណ៍ឱ្យបានដិតដល់ ដើម្បីការពារភាគីណាមួយពីការបញ្ឆេះជម្លោះឡើងវិញ។ លោកស្រីជឿជាក់ថា ប្រទេសទាំងពីរនៅតែអាចត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ ព្រោះវាមិនទាន់យឺតពេលនោះទេ។

សម្រាប់អ្នកជំនាញរូបនេះ ប្រទេសថៃ និងកម្ពុជា បានឈានដល់ចំណុចមួយដែលមិនអាចដោះស្រាយបញ្ហាព្រំដែននេះជាលក្ខណៈទ្វេភាគីបានឡើយ។ ការចរចាបានបរាជ័យម្តងហើយម្តងទៀត ហើយយោធាទាំងពីរដឹងថា ភាគីទាំងពីរមិនអាចឈ្នះដោយកម្លាំងបានទេ ព្រោះយន្តការអន្តរជាតិ តែងតែត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអន្តរាគមន៍។

ដូច្នេះហើយពលរដ្ឋថៃ ដែលកំពុងជំរុញឱ្យមានសង្គ្រាមគួរតែយល់ថា ការមានជំនឿថា ប្រទេសថៃ ធំជាង ខ្លាំងជាង និងអាចកម្ចាត់កម្ពុជា ដោយយោធានោះនឹងមិនមែនជាការពិតទាំងស្រុងឡើយ។ សង្គមស៊ីវិលក្នុងប្រទេសទាំងពីរត្រូវតែជំរុញរដ្ឋាភិបាលរបស់ពួកគេឱ្យស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ ព្រោះសង្គ្រាមមិនបានផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ជាពិសេសសហគមន៍ព្រំដែន និងស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសទាំងពីរតែម្ដង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


មានអ្នករងរបួស ៣០នាក់នៅក្នុងហេតុការណ៍រញ្ជួយដីធ្ងន់ធ្ងរកម្រិត ៧,៥រិកទ័រនៅក្នុងប្រទេសជប៉ុន

លោកស្រី សាណាអិ តាកាអ៊ិឈិ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនបានថ្លែងនៅថ្ងៃទី៩ ខែធ្នូនេះថា យ៉ាងហោចណាស់មានអ្នករងរបួសចំនួន ៣០នាក់នៅក្នុងហេតុការណ…

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំរបស់អាម៉េរិក Goldman Sachs ព្រមានថា សេដ្ឋកិច្ចអឺរ៉ុបនឹងធ្លាក់ចុះ បើបន្តឱ្យការនាំចេញទំនិញរបស់ចិន ទៅកាន់ប្លុកនេះបន្តកើនឡើង

ក្រុមហ៊ុនហិរញ្ញវត្ថុ និងបណ្តាក់ទុនដ៏ធំរបស់អាម៉េរិក Goldman Sachs បានព្រមានសហភាពអឺរ៉ុបថា ការកើនឡើងការនាំចេញរបស់ប្រទេសចិន ទៅកាន់ទីផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ