បើតាមកាសែត Bangkok Post លោក អាកខុម ថឺមភីតតាយ៉ាផៃសិត (Arkhom Termpittayapaisith) បានប្រកាសធានាអះអាងបែបនេះ ក្រោយពីលោក និងក្រុមការងារបានពិភាក្សាបញ្ហានេះជាមួយបណ្តាធនាគារថៃ ហើយបានរកឃើញថា ប្រតិបត្តិការរបស់ស្ថាប័នក្នុងស្រុកជាមួយធនាគារ ដែលរងផលប៉ះពាល់ទាំងនោះ មានតម្លៃតិចតួចមែនទែន ពោលគឺត្រឹមតែ ២ លានបាត ឫប្រមាណជាជាង ៥ម៉ឺន៨ពាន់ ដុល្លារតែប៉ុណ្ណោះ។
លោកអាកខុមបានសង្កត់ធ្ងន់ថា ប្រទេសថៃបានអនុវត្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ហើយ បានពង្រឹងប្រព័ន្ធនេះយ៉ាងប្រសើរ ។
ពាក់ព័ន្ធនឹងបញ្ហាវិបត្តិធនាគារនៅអាមេរិក និងអឺរ៉ុប ធនាគារកណ្តាលថៃ ក៏បានអះអាងស្រដៀងគ្នានេះថា ប្រទេសថៃនឹងមានផលប៉ះពាល់តិចតួច ប៉ុន្តែក៏មិនព្រងើយ ឫធ្វេសប្រហែសដែរ ពោលគឺ កំពុងបន្តតាមដានស្ថានភាពបន្ត។
យោងតាមរបាយការណ៍របស់ធនាគារកណ្តាលថៃបានអះអាងថា នៅចុងឆ្នាំ ២០២២ ប្រព័ន្ធធនាគាររបស់ប្រទេសនេះ មានអនុបាតភាពដើមទុន ១៩,៤% ខ្ពស់ជាងតម្រូវការអប្បបរមា ដែលបានកំណត់ត្រឹម ៨,៥% ដោយឡែកអត្រា សមាមាត្រគ្របដណ្តប់សាច់ប្រាក់ងាយស្រួល ឬទុនបង្វិលវិញ គឺមានរហូតដល់ទៅ ១៩៧% ស្របពេលដែល អនុបាតធានារ៉ាប់រងលើប្រាក់កម្ចីមិនដំណើរការវិញគឺ នៃ ១៧២% ហើយអត្រាឥណទាន ដែលមិនដំណើរការគឺមានតែ ២,៧៣% ប៉ុណ្ណោះ ។
លោក Arkhom បាននិយាយថា ប្រព័ន្ធធនាគារថៃទាំងអស់ គឺបានកំពុងតែយកចិត្តទុកដាក់និងធ្វើកិច្ចការនេះយ៉ាងល្អជាមួយនឹងអតិថិជន ខណៈដែលពួកគេមួយចំនួន ក៏មានអារម្មណ៍ភ័យព្រួយអំពីផលប៉ះពាល់នោះផងដែរ ប៉ុន្តែផលប៉ះពាល់ដែលចៀសមិនរួច គឺការធ្លាក់ចុះនៃសេដ្ឋកិច្ចជារួម។
តាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃដដែលនេះ អាជ្ញាធរគួរតែតាមដានចលនារបស់ប្រាក់បាតឲ្យបានជាប់លាប់ ខណៈដែលធនាគារកណ្តាលអាមេរិកត្រូវ គ្រោងនឹងដំឡើងអត្រាការប្រាក់ក្នុងសប្តាហ៍នេះ។ បច្ចុប្បន្ន ប្រាក់បាតថៃកំពុងឡើងចុះក្នុងតម្លៃ ៣៣-៣៤ បាត ស្មើនឹងមួយដុល្លារអាមេរិក៕
អត្ថបទ ៖ សុខ ជា