
ក្រុមហ៊ុន Siam Cement Group ឬ SCG ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មធំៗបំផុតរបស់ប្រទេសថៃ បានផ្អាកប្រតិបត្តិការរោងចក្រគីមីឥន្ធនៈ ឡុង សឺន (Long Son) របស់ខ្លួននៅខាងក្រៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីខែតុលា ឆ្នាំមុន ពោលគឺត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរោងចក្រនេះបានចាប់ផ្តើមដំណើរការផលិតជាផ្លូវការ។ ការផ្អាកដំណើរការផលិតនេះ គឺដោយសារពេលនោះ ទំនិញផ្គត់ផ្គង់របស់មហាយក្សចិន ជោរជន់នៅក្នុងប្រទេសវៀតណាម ខ្លាំងពេកដែលធ្វើឱ្យក្រុមហ៊ុន SCG រងការខាតបង់ដល់ទៅ៣០៤លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ កន្លងទៅ។
លោក សេកឆៃ ផាទីផានហ្វ្រីឆាវុធ (Sakchai Patiparnpreechavud) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធ SCG Chemicals បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ក្រុមហ៊ុន SCG Chemicals គ្រោងដំណើរការរោងចក្រគីមីឥន្ធនៈ ឡុង សឺន របស់ខ្លួននៅខាងក្រៅក្រុងហូជីមិញ ឡើងវិញនៅចុងខែសីហា នេះ ខណៈដែលស្ថានភាពប្រាក់ចំណេញរបស់ខ្លួនប្រសើរឡើងបន្តិចដោយសារតម្លៃប្រេងឆៅធ្លាក់ចុះ៕
ដោយ: តែម សុខុម