
តម្រូវការមាសនៅក្នុងប្រទេសថៃ នៅត្រីមាសទី១ឆ្នាំនេះ បាននាំមុខគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ចំពេលអ្នកវិនិយោគនានាកំពុងងាកទៅរកការវិនិយោគលើទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាព ដោយសារពួកគេបារម្ភពីភាពមិនប្រាកដប្រជាជាសកល ដែលជំរុញឱ្យតម្លៃកើនឡើងដល់កម្រិតកំណត់ត្រាជាបន្តបន្ទាប់។
ក្រុមប្រឹក្សាមាសពិភពលោកបានអះអាងថា ប្រទេសថៃ បានប្រកាសពីកំណើនដ៏ខ្លាំងបំផុតនៃតម្រូវការមាសនៅទូទាំងអាស៊ីអាគ្នេយ៍នៅត្រីមាសទី១ឆ្នាំនេះ ជាមួយបរិមាណជាង៩តោនមានការកើនឡើងរហូតដល់ទៅ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនតម្រូវការមាសនៅប្រទេសថៃ ខ្ពស់ជាងតម្រូវការមាសនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលមានកំណើនចន្លោះពី៥% ទៅ៨% ប៉ុណ្ណោះ ស្របពេលវៀតណាម ធ្លាប់តែមានតម្រូវការមាសខ្ពស់បែរជាធ្លាក់ចុះដល់ទៅ១៥% ទៅវិញ។
លោក ល្វីស ស្ទ្រីត (Louise Street) អ្នកវិភាគជាន់ខ្ពស់នៅក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើងថា កំណើនតម្រូវការវិនិយោគលើមាស បានជំរុញការប្រើប្រាស់មាសនៅត្រីមាសទី១ឆ្នាំនេះហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៦។ លោកបានអះអាងថា តម្រូវការមាស រួមទាំងការជួញដូរមាសនៅទូទាំងពិភពលោកមានមានការកើនឡើង១% ពោលគឺប្រមាណជាង១ពាន់២រយតោន បើទោះបីជាតម្លៃរបស់វាកើនឡើងលើសពី៣ពាន់៦រយយដុល្លារក្នុងមួយតម្លឹងក៏ដោយ៕
ដោយៈ សរ សុជាតិ