លោក គ្រឿងក្រៃ ធៀននុគល់ ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ប្រសិនបើគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិថៃ ឯកភាពជាមួយនឹងសំណើ ដែលសហព័ន្ធឧស្សាហកម្មបានស្នើស្នើសុំ ម្ល៉េះធនាគារកណ្តាលថៃ ទំនងជាអាចកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនរួចបាត់ទៅហើយ។ សម្រាប់លោកការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាចជួយសហគ្រាសធុនតូច និងមធ្យម ឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃការនាំចេញ និងការងើបឡើងវិញមិនពេញលេញនៃវិស័យទេសចរណ៍។
លោកបានបន្តថា សហគ្រាសធុនតូច និងមធ្យមនៅថៃ កំពុងប្រឈមមុខនឹងបញ្ហា ដែលអាចនាំឱ្យសហគ្រាសជាច្រើនមិនអាចរស់រានមានជីវិតបាន ដោយសារបញ្ហាលំហូរសាច់ប្រាក់។ អាជីវកម្មជាច្រើននៅក្នុងប្រទេសថៃ កំពុងជួបការលំបាកក្នុងការដោះស្រាយផលប៉ះពាល់នៃការនាំចូលផលិតផលថោក និងគុណភាពទាប។ លោកបានបន្ថែមថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបន្ថែមទៀត ដើម្បីការពារអាជីវកម្ម និងក្រុមហ៊ុនផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោក ក៏បានបង្ហាញនូវការគាំទ្រកម្មវិធីចែកប្រាក់តាមកាបូបឌីជីថលដែលកំពុងតែរាំងស្ទះផងដែរ ដោយលោកជឿជាក់ថា គម្រោងនេះនឹងអាចជួយជំរុញសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ កាលពីខែមុន គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតរក្សាអត្រាគោលនយោបាយរបស់ខ្លួនឱ្យនៅក្នុងកម្រិត២,៥%ដដែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ ស្របពេលដែលសមាមាត្រនៃអត្រាការប្រាក់ធៀបទៅនឹងប្រាក់ចំណូលរបស់រដ្ឋាភិបាលថៃ គឺស្ថិតនៅក្នុងកម្រិត៨% ហើយរំពឹងថា នឹងឡើងដល់១១%នៅឆ្នាំក្រោយ៕
ដោយៈ សរ សុជាតិ