វិស័យពាណិជ្ជកម្ម

ការនាំចូលទំនិញពីប្រទេសថៃ ដាំក្បាលចុះខ្លាំង ក្រោយពលរដ្ឋកម្ពុជាពហិការ ឈប់ប្រើប្រាស់ទំនិញថៃ


ការធ្វើពហិការ ឈប់ប្រើប្រាស់ទំនិញថៃ ដោយប្រជាពលរដ្ឋខ្មែរ ដោយសារតែកងទ័ពថៃ ឈ្លានពានកម្ពុជា កំពុងធ្វើឱ្យការនាំចូលទំនិញពីប្រទេសថៃ មកកម្ពុជា ដាំក្បាលចុះយ៉ាងគំហុក ។ តួយ៉ាង របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា នៅក្នុងខែ កក្កដា កន្លងទៅថ្មីៗនេះ ពោលគឺត្រឹមតែ១ខែប៉ុណ្ណោះ តម្លៃនៃការនាំចូលទំនិញថៃ មកកាន់ទីផ្សារកម្ពុជា មានត្រឹមតែប្រមាណ ១៦៦លានដុល្លារ បានដាំក្បាលចុះ ៤៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ហើយទំនោរធ្លាក់ចុះនេះ ត្រូវបានគេរំពឹងថា នឹងអាចបន្ដកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ។
ដាំក្បាលចុះខ្លាំង
ដោយ

តើអ្នកជំនាញសេដ្ឋកិច្ចមានការយល់ឃើញយ៉ាងណាខ្លះ ជុំវិញការធ្លាក់ចុះការនាំចូលទំនិញពីប្រទេសថៃ? ហើយអ្នកផលិតក្នុងស្រុកត្រូវត្រៀមខ្លួនអ្វីខ្លះ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក?  

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ ជាអំឡុងពេល ដែលថៃ បើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ការនាំចូលទំនិញពីថៃ មកកាន់ទីផ្សារកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ១៦៦លានដុល្លារ ធ្លាក់ចុះជាង ៤៤% ធៀបនឹងខែកក្កដា ឆ្នាំ២០២៤ ដែលមានទំហំដល់ប្រមាណ ២៩៧លានដុល្លារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះការនាំចូលទំនិញថៃ មកកាន់ទីផ្សារកម្ពុជានេះ គឺដោយសារពលរដ្ឋខ្មែរ ជាច្រើនបានធ្វើចលនាពហិការឈប់ប្រើប្រាស់ផលិតផលថៃ ដើម្បីបង្ហាញពីស្មារតីជាតិនិយម និងដើម្បីឆ្លើយតបនឹងសកម្មភាពរំលោភបំពានយ៉ាងកម្រោលរបស់ទាហានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ អ្នកជំនាញរូបនេះ ជឿជាក់ថា ក្រោយមានបញ្ហាជម្លោះព្រំដែនលើកនេះ ការនាំចូលទំនិញពីថៃ ចូលមកកម្ពុជា គឺនឹងបន្តធ្លាក់ចុះក្នុងរយៈពេលវែងបន្ថែមទៀត ដ្បិតថា ប្រជាជនកម្ពុជា ចាប់ផ្តើមងាកមកគាំទ្រផលិតផលនៅក្នុងស្រុកច្រើនជាងមុន និងជំនួសដោយការប្រើប្រាស់ផលិតផលពីប្រទេសដទៃ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ក្រោយពលរដ្ឋកម្ពុជា បង្ហាញទំនោរឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសជិតខាង និងងាកមកគាំទ្រផលិតផលនៅក្នុងស្រុកវិញ អ្នកផលិតនៅក្នុងស្រុកគួរតែពង្រឹងការផលិតផលិតផលរបស់ខ្លួនឱ្យបានល្អពិសេសលើគុណភាព និងសុវត្ថិភាព។ បើមិនដូច្នេះទេ អ្នកប្រើប្រាស់គឺនឹងឈប់បន្តគាំទ្រដូចទៅនឹងផលិតផលនាំចូលនានាដែរ។ សម្រាប់អ្នកជំនាញរូបនេះ ការធ្លាក់ចុះការនាំចូលទំនិញពីប្រទេសជិតខាងនេះ គឺបានបង្ហាញពីឱកាសរបស់សហគ្រាសផលិតក្នុងស្រុកក្នុងការពង្រីកទីផ្សាររបស់ខ្លួន ប៉ុន្តែទាមទារឱ្យមានការជួយជ្រោមជ្រែងពីស្ថានប័នពាក់ព័ន្ធបន្ថែម ដើម្បីឱ្យដំណើរការអាជីវកម្មក្នុងស្រុកមានស្ថិរភាពល្អ។  

បើគិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំប្រមាណ ២ពាន់៤រយលានដុល្លារ ធ្លាក់ចុះ ០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ កម្ពុជានាំចេញទៅថៃ មានទំហំប្រមាណ ៤៨៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជាវិញមានទំហំជាង ១ពាន់៩រយលានដុល្លារ៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


ទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម កំពុងកកស្ទះខ្លាំង ក្រោយអាជ្ញាធរវៀតណាម ហាមឃាត់រថយន្តដឹកជញ្ជូនដែលគ្មានអាជ្ញាបណ្ណ

ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា នៅថ្ងៃទី១៥ខែសីហានេះ ថា ការដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម មានសភាពកកស្ទះខ្…

តើការវិលត្រឡប់របស់ពលរដ្ឋខ្មែរប្រហែល១លាននាក់ពីប្រទេសថៃ គឺជាបញ្ហា ឬជាឱកាស សម្រាប់ សេដ្ឋកិច្ចកម្ពុជា?

ពលរដ្ឋខ្មែរបន្តចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ ដូចទឹកបាក់ទំនប់ ដោយបានកើនដល់ជិត ១លាននាក់ហើយ ក្រោយពីមានការផ្ទុះសង្រ្គាមឈ្លានពានរបស់ទាហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ