
ក្រោយជួបបទពិសោធន៍ដ៏ក្រក់នឹកស្មានមិនដល់នេះ ថ្លៃសេវាធានារ៉ាប់រងលើគ្រោះរញ្ជួយដីនឹងមិនត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃដូចមុនទៀតឡើយ ដែលអាចជំរុញឱ្យបុព្វលាភ ឬចំណូលពីការលក់ធានារ៉ាប់រងនៅក្នុងប្រទេសនេះហក់ឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករួមមានកាសែត The Nation។
ក្រុមហ៊ុនធានារ៉ាប់រងថៃពេលនេះកំពុងប្រឈមការទូទាត់សំណងរហូតដល់ទៅប្រមាណ៣០លានដុល្លារអាម៉េរិក បន្ទាប់ពីគ្រោះរញ្ជូយដ៏កំណាចកម្រិត៧,៧រិច្ឆទ័រដែលផ្ដើមចេញពីប្រទេសមីយ៉ាន់ម៉ា បានបណ្ដាលឱ្យអគារកម្ពស់៣៤ជាន់មួយដែលកំពុងសាងសង់នៅទីក្រុងបាងកក ដួលរលំរាបដល់ដី និងបណ្ដាឱ្យអគារខ្ពស់ៗជាច្រើនទៀតនៅក្នុងទីក្រុងរបស់ថៃ មួយនេះមានស្នាមប្រេះជាច្រើនកន្លែងដែលអាចនឹងឈានដល់ការវាយកម្ទេចចោល។
យោងតាមកាសែត The Nation អគារដែលដួលរលំរាបដល់ដីនោះ គឺជាអគារការិយាល័យអគ្គសវនកម្មថៃ ដែលសាងសង់រួចប្រមាណ៧០% និងមានតម្លៃសរុបប្រមាណជាង៦០លានដុល្លារអាម៉េរិក។ គម្រោងអគាររដ្ឋខាងលើនេះត្រូវបានធានារ៉ាប់រងដោយក្រុមហ៊ុនធានារ៉ាប់រងចំនួន៤ រួមមានក្រុមហ៊ុន Dhipaya ធានារ៉ាប់រង៤០% ក្រុមហ៊ុន Bangkok Insurance ធានារ៉ាប់រង២៥% ក្រុមហ៊ុន Southeast Insurance ធានារ៉ាប់រង២៥% ហើយក្រុមហ៊ុន Viriyah ធានារ៉ាប់រង១០%។
នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Bangkok Insurance លោក អភីស៊ីត អាណាន់តាណាតារ៉ាត់ (Apisit Anantanatarat) បានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងនានាកំពុងវាយតម្លៃពីទំហំខូចខាត ដោយការប៉ាន់ប្រមាណបឋមបង្ហាញថា ការខាតបង់អាចលើសពី៣០លានដុល្លារអាម៉េរិក។
ក្រោយជួបគ្រោះរញ្ជួយដីដ៏កំណាចនឹកស្មានមិនដល់ខាងលើនេះ ឧស្សាហកម្មធានារ៉ាប់រងរបស់ថៃ នៅពេលនេះកំពុងត្រៀមកែសម្រួលដើម្បីសម្របខ្លួនទៅនឹងការកើនឡើងហានិភ័យនៃគ្រោះធម្មជាតិ។ យោងតាមសមាគមធានារ៉ាប់រងទូទៅថៃ (TGIA) បានឱ្យដឹងថា ការធានារ៉ាប់រងលើគ្រោះរញ្ជួយដីដោយឥតគិតថ្លៃនឹងមិនត្រូវបានផ្តល់ជូនដូចមុនទៀតឡើយ ហើយការធានារ៉ាប់រងលើគ្រោះរញ្ជួយដីទំនងជាត្រូវបានផ្ដាច់ចេញដោយឡែកពីការធានារ៉ាប់រងលើគ្រោះអគ្គិភ័យ។
ដូចនេះបុព្វលាភ ឬចំណូលពីការលក់ធានារ៉ាប់រងនៅក្នុងប្រទេសថៃ ត្រូវបានព្យាករថា នឹងកើនឡើងគួរឱ្យកត់សម្គាល់។ ប្រធានសមាគមធានារ៉ាប់រងទូទៅថៃ (TGIA) លោក ស៊ុមផន សឹបថាវីលគុល (សSomporn Suebthawilkul) បានសង្កត់ធ្ងន់ថា ពេលនេះគ្រោះមហន្តរាយធ្ងន់ធ្ងរដូចជាការរញ្ជួយដីជាដើម គឺជាការគំរាមកំហែងដ៏ធំយ៉ាងពិតប្រាកដ ដែលជំរុញឱ្យក្រុមហ៊ុនធានារ៉ាប់រងនានាតត្រូវធ្វើការវាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យរបស់ខ្លួន៕
ដោយ: តែម សុខុម