លោកនាយករដ្ឋមន្ត្រី ស្រ៊ីថា ថាវីស៊ីន បានសម្តែងការព្រួយបារម្ភថា សេដ្ឋកិច្ចរបស់ប្រទេសនៅក្បែរខាងកម្ពុជាមួយនេះហាក់គ្មានសុវត្ថិភាពពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចឡើយ ស្របពេលប្រទេសនេះកំពុងជួបប្រឈមនឹងបញ្ហាមានកំណើន GDP យឺត បំណុលគ្រួសារកើនខ្ពស់ ហើយប្រាក់កម្ចីមិនដំណើរការកំពុងកើនឡើង។
នាយករដ្ឋមន្ត្រីថៃ រូបនេះ បានអះអាងថា លោកនឹងធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាពស្តារសេដ្ឋកិច្ចឡើងវិញ នៅរៀងរាល់ថ្ងៃចន្ទ។ លោកបានលើកឡើង ថា កិច្ចប្រជុំពិសេសនឹងធ្វើឡើងរៀងរាល់សប្តាហ៍នៅពេលអនាគតដ៏ខ្លីខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតទស្សនវិស័យសេដ្ឋកិច្ច។
ការលើកឡើងបែបនេះធ្វើឡើងក្រោយពេលដែលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចថៃនៅត្រីមាសទី១ សម្រេចបានត្រឹមតែ១,៥% ប៉ុណ្ណោះ ហើយបានព្យាករណ៍ថា នៅឆ្នាំនេះកំណើនសេដ្ឋកិច្ចថៃ អាចសម្រេចបានចន្លោះពី២% ទៅ ៣% គឺទាបជាងការព្យាករកាលពីមុន ដែលរំពឹងថា អាចសម្រេចបាន២,២% ទៅ៣,២% ខណៈនៅឆ្នាំ២០២៣ កន្លងទៅប្រទេសនេះសម្រេចបានកំណើនសេដ្ឋកិច្ចតែ១,៩%ប៉ុណ្ណោះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានលើកឡើងថា កំណើនសេដ្ឋកិច្ចថៃ ទាបជាងប្រទេសនានា ដោយប្រទេសហ្វីលីពីន និងវៀតណាម នាំមុខគេ ក្នុងកម្រិត៥,៧% តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ី ៥,១% ម៉ាឡេស៊ី៤,២% និងសិង្ហបុរី២,៧%។
លោក ស្រ៊ីថា បាននិយាយថា GDP កើនឡើងត្រឹមតែ១,៥%នេះ គឺដោយសារបានវិស័យសេវាកម្ម និងទេសចរណ៍ជាបង្អែកប៉ុណ្ណោះ ហើយឥឡូវនេះថៃនឹងប្រឈមហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ខណៈដែលកម្រិតបំណុលនៃការប្រើប្រាស់កាតឥណទាន បំណុលអាក្រក់ និងបំណុលគ្រួសារសុទ្ធតែជាបញ្ហា។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ឆៃ វ៉ាឆារ៉ុង (Chai Wacharonke) បាននិយាយថា គម្រោងការចែកលុយជូនពលរដ្ឋ ៥00ពាន់លានបាត ឫជិត១៤ពាន់លានដុល្លាររបស់រដ្ឋាភិបាល គឺជាវិធានការសំខាន់មួយដើម្បីជំរុញសេដ្ឋកិច្ចក្នុងរយៈពេលខ្លី។ កាលពីថ្ងៃអង្គារកន្លងទៅ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផែនការបង្កើនថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលមានតម្លៃជាង៩៥ពាន់លានដុល្លារ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់គម្រោងជំរុញសេដ្ឋកិច្ចនានា៕
ដោយៈ សរ សុជាតិ