អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរីពង្ស អាងកាសាគុលគៀត (Siripong Angkasakulkiat) បានបញ្ជាក់ថា ការអត្ថាធិប្បាយថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល អំពីការគ្រប់គ្រងព្រំដែនថៃ-កម្ពុជា មានគោលបំណងធានាឱ្យបាននូវភាពត្រឹមត្រូវយុត្តិធម៌រវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ រូបនេះ ធ្វើឡើងក្រោយលោក អានុទីន បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថា នៅតំបន់ព្រំដែនមិនទាន់ដាច់ស្រេចជាមួយកម្ពុជា មានកន្លែងខ្លះពលរដ្ឋថៃទន្ទ្រានចូលដីខ្មែរ ហើយនៅកន្លែងខ្លះ ពលរដ្ឋខ្មែរទន្ទ្រានចូលទឹកដីថៃ។ លោក អានុទីន បានសង្កត់ថា លោកចង់បានតែភាពត្រឹមត្រូវយុត្តិធម៌ប៉ុណ្ណោះ ពោលគឺបើកន្លែងណា ថៃរំលោភចូលខាងកម្ពុជា ថៃត្រូវប្រគល់ឱ្យទៅកម្ពុជាវិញ ហើយបើកន្លែងណា កម្ពុជារំលោភចូលខាងថៃភាគីកម្ពុជាត្រូវប្រគល់មកឱ្យថៃវិញ។
ដោយសំដៅលើការគ្រប់គ្រងតំបន់ព្រំដែនមានជម្លោះ ឬតំបន់ព្រំដែនមិនទាន់ដាច់ស្រេច លោក អានុទីន បាននិយាយថា បច្ចុប្បន្នភាគីថៃកំពុងផ្តោតលើការដោះស្រាយជម្លោះព្រំដែននៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ក្នុងខេត្តស្រះកែវ របស់ថៃ ដែលស្ថិតនៅជាប់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។
លោក អានុទីន បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហានៅតំបន់មិនដាច់ស្រេចបែបនេះនឹងជួយកាត់បន្ថយហានិភ័យសន្តិសុខជាតិរបស់ថៃ ហើយវាជាការត្រួសត្រាយផ្លូវសម្រាប់ការស្ដារទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ឱ្យឈានទៅរកកម្រិតប្រក្រតីឡើងវិញឱ្យបានឆាប់។ បន្ថែមលើនេះលោកអានុទីន ក៏បានធ្វើការកត់សម្គាល់ផងដែរថា ការបើកច្រកព្រំដែនឡើងវិញ លុះត្រាតែស្ថានភាពព្រំដែនមានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញទាំងស្រុង។
បន្ទាប់ពីការលើកឡើងរបស់លោក អានុទីន ត្រូវបានចុះផ្សាយ និងចែករំលែកព្រោងព្រាត អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក សិរីពង្ស អាងកាសាគុលគៀត (Siripong Angkasakulkiat) បានបញ្ជាក់ជាថ្មីថា នាយករដ្ឋមន្ត្រី អានុទីន គ្រាន់តែសំដៅទៅលើគោលការណ៍គ្រប់គ្រងព្រំដែនដោយត្រឹមត្រូវយុត្តិធម៌ប៉ុណ្ណោះ គឺមិនសំដៅលើតំបន់ជាក់លាក់ណាមួយ ដែលពលរដ្ឋថៃ ទន្ទ្រានចូលទឹកដីកម្ពុជានោះឡើយ។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ដំណោះស្រាយណាមួយត្រូវតែផ្អែកលើអង្គហេតុ និងការពិត៕
ដោយ: តែម សុខុម