ធនាគារ និងសេវាទូ ATM

បើអ្នកជួប​បញ្ហា​ក្រដាសប្រាក់​នៅពេលដកពី ATM តើគួរធ្វើដូចម្ដេច? ករណីសិក្សាពីធនាគារ ABA!


មួយ​រយៈពេល​កន្លង​ទៅ​ថ្មីៗនេះ គេ​សង្កេត​ឃើញមាន​ការ​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក ត្អូញត្អែរ ឬចោទប្រកាន់អំពី​ក្រដាសប្រាក់​ដុល្លារក្លែងក្លាយ ដែល​ដក​ចេញ​ពី​ទូ ATM របស់ធនាគារ​ខ្លះ ពីសំណាក់​ប្រជាជន។ សំណួរ​គឺថា តើ​ការ​ត្អូញត្អែរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាការសមស្រប ដែរ ឬទេ? តើ​មាន​ដំណោះស្រាយ​ពី​ការ​បង្ហោះ​សារត្អូញត្អែរទាំង​នោះ​ ដែរ ឬទេ?
ធនាគារ ABA ចាត់​វិធានការ​​ឆ្លើយតប​ទៅ​នឹង​ការ​មួល​បង្កាច់​ថា ដក​បាន​លុយ​ក្លែងក្លាយ​ពី ATM របស់ខ្លួន។
ដោយ

សារព័ត៌មាន ខេមបូណូមីស សូម​បង្ហាញ​ករណី​សិក្សា​ទាក់ទង​នឹង​ការដោះស្រាយ​ ក៏ដូចជាវិធានការនានា ដែល​ធនាគារ ABA បាន​ធ្វើ​ឡើង ចំពោះ​ករណីចោទ​ប្រកាន់​ពី​ក្រដាសប្រាក់​ដុល្លារក្លែងក្លាយ​ពីទូ ATM ដូចខាងក្រោម។


ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្រោយសង្កេតឃើញថា មានអតិថិជនមួយចំនួន បានបង្ហោះសារចោទប្រកាន់ជាច្រើននៅលើបណ្តាញសង្គម Facebook ថា ពួកគេបានដកចំប្រាក់ក្លែងក្លាយពីទូ ATM របស់ ABA នោះ ឥឡូវធនាគារមួយនេះកំពុងចាត់វិធានការភ្លាមៗ ដោយទាក់ទងទៅកាន់ម្ចាស់សារ Facebook ទាំងនោះដោយផ្ទាល់ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ដែលបានលើកឡើង ។

អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើននាក់ ដែលអះអាងថា ខ្លួនបានដកប្រាក់ពីទូ ATM របស់ធនាគារ ABA ចំក្រដាសប្រាក់ក្លែងក្លាយនោះ បានលុបសារចោទប្រកាន់របស់ខ្លួនជាបន្តបន្ទាប់ រួមជាមួយនឹងការបង្ហោះសារជាសាធារណៈនៅលើបណ្តាញសង្គម Facebook ដោយសារភាពថា ពួកគេមានការយល់ច្រឡំដោយខ្លួនឯង ហើយក៏បានសុំការអភ័យទោសពីធនាគារ ABA ផងដែរ។

ទាក់ទងនឹងករណីមួយក្នុងចំណោមករណីទាំងនោះ មានអតិថិជនម្នាក់ បានដកប្រាក់ពីទូ ATM មួយរបស់ ABA នៅរាជធានីភ្នំពេញ ហើយ​រយៈពេល១២ថ្ងៃក្រោយមក ទើបរូប​គេ​បាន​បង្ហោះ​រូបថត​បង្ហាញ​ពី​ក្រដាស​ប្រាក់​១០០​ដុល្លារ​១​សន្លឹក ដោយមានសរសេរពាក្យ «COPY» យ៉ាងច្បាស់ និងបានចោទថា ក្រដាសប្រាក់នោះ ត្រូវបានដកចេញពីទូ ATM មួយរបស់ធនាគារ ABA។

បុគ្គលិកនាយកដ្ឋានដំណោះស្រាយបញ្ហារបស់ធនាគារ បានអញ្ជើញអតិថិជនរូបនោះឲ្យទៅកាន់ធនាគារ និងបានពិនិត្យមើលឡើងវិញជាមួយបុគ្គលិកផ្នែកដោះស្រាយបញ្ហា នូវព័ត៌មាននៃការដកប្រាក់ដែលគាត់បានធ្វើឡើង។ ផ្អែកតាមភ័ស្តុងតាងជាក់ស្ដែងចំពោះមុខ អតិថិជនរូបនោះ បានទទួលស្គាល់ទាំងស្រុងថា ក្រដាសប្រាក់ដែលខ្លួនដកពី ទូ ATM នោះ គឺជាក្រដាសប្រាក់ពិត ហើយអាចនឹងត្រូវគេលួចប្តូរដាក់ក្រដាសប្រាក់ក្លែងក្លាយ ក្នុងការបូបនៅចន្លោះពេល១២ថ្ងៃនោះ។

លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ABA បានបញ្ជាក់ថា៖ «ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមក យើងបានឃើញការបង្ហោះសារនៅលើបណ្តាញសង្គម Facebook ចំនួន១៥ករណី ដោយចោទប្រកាន់ថា ដកបានប្រាក់ក្លែងក្លាយពីម៉ាស៊ីនរបស់យើង។ រឿងនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះការិយាល័យដោះស្រាយបញ្ហារបស់យើងកម្រទទួលបាននូវបណ្ដឹងតវ៉ាអំពីក្រដាសប្រាក់ក្លែងក្លាយណាស់ មិនថាតាមសាខាធនាគារនានារបស់យើង តាមរយៈទូរស័ព្ទ ឬតាមអនឡាញនោះទេ បើទោះបីជាយើងផ្សព្វផ្សាយយ៉ាងទូលំទូលាយឲ្យអតិថិជនធ្វើការស្នើ, សាកសួរព័ត៌មាន, និងស្វែងរកដំណោះស្រាយតាមបណ្ដាញទំនាក់ទំនងផ្លូវការរបស់យើងក៏ដោយ»។

លោកបានប្រាប់បន្តថា៖ «ពួកគាត់ចាប់ផ្ដើមប្រតិកម្មតែនៅលើបណ្តាញសង្គម ដោយមិនស្វែងរកជំនួយ ឬដំណោះស្រាយដោយផ្ទាល់ពីធនាគារឡើយ»។ 

អ្នកស្រី ឡុង នីនលីដា ប្រធានអង្គភាពប្រតិបត្តិការសាច់ប្រាក់របស់ធនាគារ ABA បានពន្យល់ថា ABA មិនខុសពីធនាគារពាណិជ្ជធំៗទាំងអស់នៅកម្ពុជាប៉ុន្មានឡើយ ធនាគារនេះ ប្រើប្រាស់ឧបករណ៍ពិនិត្យក្រដាសប្រាក់ដ៏ទំនើបចុងក្រោយបង្អស់ ដែលអាចស្គាល់ និងចាប់យកក្រដាសប្រាក់ក្លែងក្លាយ ចេញពីក្រដាស ប្រាក់ពិត ដែលដាក់ឲ្យចរាចរក្នុងទូ ATM ទាំង៣០១កន្លែងរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា។

អ្នកស្រីបានឲ្យដឹងថា៖ «ម៉ាស៊ីនពិនិត្យប្រាក់ទាំងនេះ ដែលជាផ្នែកមួយនៃកម្មវិធីសន្តិសុខផ្សេងទៀត អាចចាប់ និងថតយក លេខមាលា (Serial Number) របស់ក្រដាសប្រាក់គ្រប់សន្លឹក ដែលយើងបានដាក់បញ្ចូលទៅក្នុងទូ ATM នានា ដូច្នេះនៅពេលដែលមានការតវ៉ាទាមទារពីអតិថិជន យើងនឹងយកកំណត់ត្រានេះ ធ្វើជាឯកសារយោងដើម្បីផ្ទៀងផ្ទាត់ថាតើក្រដាសប្រាក់នោះ ពិតជាចេញពីម៉ាស៊ីន របស់យើងមែន ឬមិនមែន»។

អ្នកស្រីនីនលីដា បានបន្ថែមទៀតថា៖ «ក្រៅពីឧបករណ៍ពិនិត្យក្រដាសប្រាក់ យើងក៏មានក្រុមការងារគ្រប់គ្រងសាច់ប្រាក់ និង ក្រុមជំនាញការសន្តិសុខ សម្រាប់ត្រួតពិនិត្យជាប់ជានិច្ចលើគ្រប់ដំណាក់កាលនៃការចរាចរ ក្រដាសប្រាក់របស់យើង ដោយប្រើកាមេរ៉ាសុវត្ថិភាពជាច្រើន ដើម្បីធានាឲ្យបានថា គ្មាននរណាម្នាក់អាចលួចបន្លំក្រដាសប្រាក់ដែលដាក់ចូលក្នុងទូ ATM របស់យើងបានឡើយ»។ 

ក្រុមហ៊ុនសាជីវកម្មជាច្រើន ប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយជាមួយនឹងអ្នកតវ៉ាលើបណ្តាញសង្គម ទាក់ទងនឹងផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​នោះ។ ក្រុមហ៊ុនខ្លះមិនចាប់អារម្មណ៍លើសារផ្សេងៗឡើយ ខណៈក្រុមហ៊ុនខ្លះ ព្យាយាមទាក់ទងដោះស្រាយដោយផ្ទាល់។ 

បុរសជាជនជាតិស្វ៊ីសម្នាក់ ដែលបានឆបោកធនាគារ ABA ដោយចេតនា តាមរយៈការលួចប្តូរក្រដាសប្រាក់ពិត ដែលដកចេញពីទូ ATM របស់ ABA ជាមួយនឹងក្រដាសប្រាក់ក្លែងក្លាយ។

ធនាគារ ABA បានប្រើប្រាស់យុទ្ធសាស្ត្រទី២ ដោយលោក Mr. Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានលើកឡើងថា៖ «កាជឿជាក់ទុកចិត្ត គឺជាគន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗ នៃកិច្ចការបម្រើសេវាជូនអតិថិជន ដែលត្រូវបានចាត់ទុកថាជា តម្លៃស្នូលរបស់យើង។ 

ធនាគារ ABA ធ្វើការតាមដានបណ្តាញសង្គមយ៉ាងដិតដល់ ហើយក៏នឹងបន្តទាក់ទងនឹងទៅកាន់អតិថិជនដែលបង្ហោះសារត្អូញត្អែរផ្សេងៗអំពីសេវាកម្មរបស់ធនាគារ ដោយជំរុញពួកគាត់ដាក់ពាក្យបណ្តឹង ឬលើកជាសំណើទៅកាន់ធនាគារដោយផ្ទាល់ ជាជាងការបង្ហោះសារលើ Facebook ឬនៅលើគេហទំព័រផ្សេងៗទៀត។

លោក Zimarev បានបញ្ជាក់ថា៖ «មធ្យោបាយដែលល្អបំផុតក្នុងការលើកឡើងពីបញ្ហាពាក់ព័ន្ធ គឺការទាក់ទងដោយផ្ទាល់ទៅកាន់ធនាគារ ជាកន្លែងដែលយើងមានការផ្ដល់ជូននូវវិធីដោះស្រាយបញ្ហាយ៉ាងទូលំទូលាយ ដែលរួមមានដូចជាការស៊ើបអង្កេតយ៉ាងល្អិតល្អន់ទៅលើបញ្ហាដែលបានលើកឡើងជាដើម។ ដូច្នេះ ចំណុចសំខាន់ដំបូងគេ គឺធ្វើយ៉ាងណាឲ្យអតិថិជិនដែលកំពុងតែត្អូញត្អែរនៅលើបណ្តាញសង្គម បានដឹងថា ដំណោះស្រាយដែលល្អបំផុតនោះ គឺការលើកយកបញ្ហារបស់ពួកគេមកកាន់ធនាគារយើងដោយផ្ទាល់»។

លោកបានកត់ស្គាល់ឃើញថា ចាប់តាំងពីពេលដែលធនាគារនេះ បានប្រើប្រាស់មធ្យោបាយទាក់ទងទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមដោយផ្ទាល់ ហើយផ្សព្វផ្សាយអំពីលទ្ធផលនៃការស៊ើបអង្កេតដែលបង្ហាញថា រាល់ប្រាក់ដកចេញពីទូ ATM របស់ធនាគារ គឺជាក្រដាសប្រាក់ពិតរួចមក អតិថិជនភាគច្រើន បានបញ្ឈប់ការត្អូញត្អែរបស់ខ្លួននៅលើបណ្តាញសង្គម Facebook។ 

លោក Zimarev បានឲ្យដឹងថា៖ «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងលើរាល់ការតវ៉ា និង ការរក្សាកេរិ៍្តឈ្មោះរបស់យើង ហេតុនេះ នៅពេលដែលមានមនុស្សព្យាយាមបង្ខូចកេរិ៍្តឈ្មោះរបស់យើងលើបណ្តាញសង្គម យើងចាត់វិធានការភ្លាមៗដើម្បីធានាឲ្យបានថា ការពិតទាំងស្រុងត្រូវបានទម្លាយ និងចែករំលែកបន្ត »។

លោកបានបន្ថែមទៀតថា៖ «យើងនឹងដោះស្រាយបញ្ហាទាំងនេះ តាមផ្លូវច្បាប់ ប្រសិនបើយើងដឹងថា អ្នកបង្ហោះសារទាំងនោះកំពុងតែព្យាយាមឆបោកធនាគារយើង ឬ បង្ខូចឈ្មោះរបស់យើងដោយចេតនា តាមរយៈការបង្ហោះសារមួលបង្កាច់ លើបណ្តាញសង្គម ដោយមិនអនុវត្តតាមនីតិវិធីត្រឹមត្រូវដើម្បីស្វែងរកដំណោះស្រាយពី ធនាគារដោយផ្ទាល់»។

ពាក់ព័ន្ធនឹងករណីនេះដែរ បច្ចុប្បន្ន មានបុរសជនជាតិស្វ៊ីសម្នាក់ ត្រូវបានឃ្មុំខ្លួនក្នុងពន្ធធានាគារ នៅរាជធានីភ្នំពេញ ពីបទឆបោកធនាគារដោយចេតនា តាមរយៈការលួចប្តូរក្រដាសប្រាក់ពិត១សន្លឹក ជាមួយនឹងក្រដាសប្រាក់មួយដែលមានសរសេរអក្សរថា «COPY» និងបានព្យាយាមមួលបង្កាច់ថា ក្រដាសប្រាក់ក្លែងក្លាយនេះ បានដកចេញពីទូមួយរបស់ធនាគារ ABA។

លោក Zimarev បានសន្និដ្ឋានថា៖ «តាមរយៈការពិនិត្យ និងការស៊ើបអង្កេតផ្ទៃក្នុង យើងបានរកឃើញថា ការត្អូញត្អែរដែលកើតមានកន្លងមក គឺជាការព្យាយាមបង្ខូចកេរិ៍្តឈ្មោះ និងឆបោក។ យើងនឹងធ្វើការជាមួយស្ថាប័នអនុវត្តច្បាប់ ដើម្បីធានាឲ្យបានថា បញ្ហានោះ ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ ដែលក្នុងនោះអាចមានការកាត់ទោសកម្រិតព្រហ្មទណ្ឌលើជនឆបោកផង»៕ 




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំមួយ បោះទុនវិនិយោគ ២០០ លានដុល្លារសង់អគារខ្ពស់៥ នៅតំបន់បឹងស្នោរ

ព័ត៌មាន
គម្រោង Once Central Tower ដែលមានអគារកម្ពស់ ២២ជាន់ និង ៣៨ ជាន់ ចំនួន៥ អគារ របស់ក្រុមហ៊ុន B.I.C Group បានប្រកាសបុកគ្រឹះសាងសង់ជាផ្លូវ…

រោងចក្រស្បែកជើងអាមេរិក​ម៉ាក Brook នឹងរើពីចិន ទៅវៀតណាម នៅចុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនស្បែកជើងអាមេរិក ដែលមានមូលដ្ឋានរោងចក្រផលិតនៅប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងរើរោងចក្រពីប្រទេសចិន ទៅកាន់ប្រទេសវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ