នេះជាសម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលបាននិយាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្លើយតបជុំវិញនឹងការលើកឡើងអំពីលទ្ធភាព ដែលសហរដ្ឋអាម៉េរិកអាចនឹងដាក់សម្ពាធពន្ធគយខ្ពស់មកលើប្រទេសថៃក្រោយទីក្រុងបាងកកបានហែកចោលកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃគូឡាំឡាំពួ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងនេះ។
នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បាននិយាយអួតអាងថា ទីក្រុងបាងកកមិនខ្លាចនឹងឈប់រកស៊ីជួញដូរជាមួយអាម៉េរិកនោះឡើយ ប្រសិនបើអាម៉េរិកពិតជាដំឡើងពន្ធគយលើទំនិញរបស់ខ្លួនមែននោះ។ នាយករដ្ឋមន្ត្រីថៃ ដែលជិតខ្ទាតចេញពីតំណែងរូបនេះ បាននិយាយយ៉ាងដូច្នេះថា « វាមិនអីនោះទេ ប្រសិនបើពួកគេប្រើវិធានការពន្ធដើម្បីដាក់សម្ពាធលើយើង, ប្រទេសដទៃទៀតក៏ប្រឈមមុខដូចគ្នាដែរ។ ប្រសិនបើពន្ធរបស់សហរដ្ឋអាម៉េរិកដាក់លើទំនិញរបស់យើងកើនឡើងដល់ ១០០% អ្នកដែលត្រូវរងទុក្ខ នឹងជាអ្នកទិញរបស់ពួកគេផ្ទាល់។ យើងត្រូវតែគាំទ្រឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់ការប្រកួតប្រជែងរបស់យើងដើម្បីរស់រានមានជីវិត»។
ការថ្លែងរបស់លោក អានុទីន បានបង្ហាញពីភាពអាងចាង មិនញញើតខ្លបខ្លាចសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខលើលោក និង ជាអ្នកផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃ បន្ដិចសោះឡើយ។ តួយ៉ាង សូម្បីតែនៅថ្ងៃ ដែលប្រទេសថៃ បានផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា ក៏ភាគីថៃពុំបានជូនដំណឹងទៅកាន់សហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ីសូម្បីមួយម៉ាត់ ហើយរដ្ឋាភិបាលថៃ បានបើកភ្លើងបៃតងឱ្យយោធារបស់ខ្លួនដែលល្មោភឆ្ងាញ់នឹងសង្គ្រាម អាចប្រតិបត្តិកយោធានៅពេលណាក៏បាន ក្នុងករណីចាំបាច់។
ជាក់ស្ដែង ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ នៅក្រោយថៃទាត់ចោលកិច្ចព្រមព្រៀងសន្ដិភាព និងផ្ដាច់ផ្លូវចរចាទាំងអស់ជាមួយកម្ពុជា កងកម្លាំងថៃ បានបើកការបាញ់ប្រហារយ៉ាងឃោរឃៅគ្មានហេតុផល ទៅលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ រហូតបណ្ដាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។ ក្រោយទាហានថៃបើកការបាញ់ប្រហារយ៉ាងឃោរឃៅនេះ ប្រជាពលរដ្ឋកម្ពុជារាប់រយគ្រួសារ បានចាប់ផ្ដើមរត់ភៀសសឹកសារជាថ្មីទៀត ដោយអ្នកខ្លះ រៀបចំរបស់របរអ្វីក៏មិនទាន់ដែរ បានត្រឹមខោអាវមួយចង្កេះជាប់ខ្លួន ក្មេងៗកំពុងរៀននៅសាលាសុខៗ ក៏ត្រូវរត់ភៀសសឹកយ៉ាងតក់ស្លុតជាពន់ពេក។
ក្រោយហេតុការណ៍នេះ រាជដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះ សកម្មភាពដ៏គឃ្លើនរបស់កងកម្លាំងថៃ និងស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យ និងអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
គួរបញ្ជាក់ថា កន្លងមក លោក ដូណាល់ ត្រាំ បានបង្ហាញពីមោទកភាពយ៉ាងខ្លាំង ចំពោះការជួយសម្របសម្រួលឱ្យភាគីកម្ពុជា និងថៃ ឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្ដិភាពនេះ ហើយមេដឹកនាំកម្ពុជា រួមទាំងម៉ាឡេស៊ីផង បានស្នើដាក់បេក្ខភាពលោកត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្ដិភាព។ ប៉ុន្ដែ ក្រោយពីចុះកិច្ចព្រមព្រៀងសន្ដិភាពបានត្រឹមកន្លះខែប៉ុណ្ណោះ ក៏ត្រូវបានប្រទេសថៃ ក្រវែងចោលលែងអនុវត្ត ដោយគ្មានស្ដាយស្រណោះ និងមិនទុកមុខឱ្យសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីទាល់តែសោះ៕