ក្រោយកម្ពុជា និងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានធ្វើជាសាក្សីដឹងឮពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មានការំពឹងទុកខ្ពស់ថា ថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបក្នុងពេលដ៏ខ្លីបំផុត ប៉ុន្តែរហូតមកទល់ពេលនេះ ភាគីថៃនៅតែមិនទាន់ដោះលែងនៅឡើយទេ ដោយនៅតែបន្តទាមទារឱ្យភាគីកម្ពុជាធ្វើបែបនេះ បែបនោះមិនចេះអស់ មុននឹងខ្លួនសម្រេចចិត្តថាដោះលែង។
ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Puangketkeow) បានចេញមកបញ្ជាក់ថា គម្រោងដោះលែងវីរៈកងទ័ព
កម្ពុជាទាំង១៨រូបនឹងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ដោយមិនស្ថិតក្រោមសម្ពាធពីបរទេសណាមួយឡើយ។ ហើយភ្លាមៗនោះ ក៏បាននិយាយត្រឡប់ត្រឡិនរកទុកចិត្តមិនបានថា កាលបរិច្ឆេទដោះលែងប្រហែលជាអាចកែសម្រួលទៅថ្ងៃទី១៣ ខែវិច្ឆិកា វិញ។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod។
យ៉ាងណាមិញ ការដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបកាន់តែស្ថិតក្នុងភាពស្រពេចស្រពិលបន្ថែមទៀត ក្រោយនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានគេចវេះមិនឆ្លើយសំណួរអ្នកកាសែតជុំវិញបញ្ហានេះ ខណៈលោកដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី៧ ខែវិច្ឆិកា ដដែលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
អ្វីដែលកាន់តែគួរឱ្យហួសចិត្តនៅថ្ងៃទី៧ ខែវិច្ឆិកា ដដែលនេះ នាយឧត្តមសេនីយ៍ ណាត់ថាពល ណាក់ផានិច (Natthapol Nakpanich) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានមកបញ្ជាក់ថា ភាគីថៃ នឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបឱ្យត្រលប់មកវិញ លុះត្រាតែភាគីកម្ពុជា បំពេញបានតាមលក្ខខណ្ឌចំនួន២ ក្នុងចំណោមលក្ខខណ្ឌសំខាន់ទាំង៤ ដែលបានព្រមព្រៀងគ្នា ដោយលក្ខខណ្ឌទាំងពីរនោះរួមមានការដកសព្វាវុធធុនធ្ងន់ និងការដោះមីននៅព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod។
រដ្ឋមន្ត្រីការពារជាតិថៃរូបនេះបានបញ្ជាក់ទៀតថា ច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងអស់នឹងត្រូវបន្តបិទរហូតដល់ភាគីកម្ពុជា-ថៃ បំពេញបានតាមគ្រប់កិច្ចព្រមព្រៀងទាំងអស់ រួមទាំងការសាងសង់របងព្រំដែន និងការដោះស្រាយបញ្ហាជម្លោះប្រាសាទតាក្របី ដែលភាគីថៃ ទាមទារយកទៅកាន់កាប់ផងដែរ៕
ដោយ: តែម សុខុម