
នាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះបានកោះប្រជុំបន្ទាន់មួយជាមួយមន្ត្រីយោធាៗកំពូលៗរបស់ថៃ ដើម្បីពិភាក្សាពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជីរ៉ាយូ ហួងស៊ឹប (Jirayu Houngsub) ដែលបានអះអាងថា កិច្ចប្រជុំរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធនេះត្រូវបានធ្វើឡើងនៅវិមានរដ្ឋាភិបាល ដែលមានការចូលរួមពីឧត្តមសេនីយ៍ សុងវីត នុនផាកឌី (Songwit Noonpakdee) អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ និងឧត្តមសេនីយ៍ ផាណា ក្លេវផ្លុតធុក (Pana Klaewplodthuk) អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ។ តែយ៉ាងណាកិច្ចប្រជុំនេះមិនទាន់ចេញលទ្ធផលនោះទេ។
ទន្ទឹមនេះ មេដឹកនាំគណបក្សប្រឆាំងថៃលោក ណាតថាពុង រឿងផាន់យ៉ាវុត (Natthaphong Ruengpanyawut) បានអំពាវនាវឱ្យលោកស្រី ផៃថងថាន រំលាយសភា ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះការខូចមុខមាត់ជុំវិញការលេចធ្លាយសារសំឡេងសន្ទនាជាមួយនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងដើម្បីបញ្ចៀសការធ្វើរដ្ឋប្រហារ។
ស្ថានភាពនេះ ក៏បានជំរុញឱ្យលោក ផារ៉ាដន ព្រីសណាណាន់ថាគុល (Paradorn Prisnananthakul) សមាជិកសភាមកពីគណបក្សភូមិចៃថៃ លាលែងពីតំណែងជាអនុប្រធានសភាផងដែរ៕
ដោយ៖ សុខ មង្គល