លោកស្រី ណាន់ថាណា ណាន់ថាវ៉ារ៉ូផាត (Nanthana Nanthawaropas) សមាជិកព្រឹទ្ធសភាថៃ បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់លោក ផាត់ថារ៉ាផុង ស៊ូភាក់សន (Phattharaphong Suphaksorn) ដែលកំពុងប្រមូលហត្ថលេខាសមាជិកព្រឹទ្ធសភាឱ្យបានយ៉ាងហោចណាស់២០រូប ដើម្បីដាក់ញត្តិជាផ្លូវការទៅកាន់តុលាការធម្មនុញ្ញស្នើសុំប្រកាសលទ្ធផល នៃការបោះឆ្នោតជាមោឃៈ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Asian Speech។
លោកស្រីបានអះអាងថា ដំណើរការរាប់សន្លឹកឆ្នោតមានភាពមិនប្រក្រតី និងមិនត្រឹមត្រូវតាមបច្ចេកទេស ខណៈមានពាក្យបណ្ដឹងប្ដឹងពីការរំលោភច្បាប់បោះឆ្នោតសរុបជាង៥,០០០បណ្ដឹង។ ជាមួយគ្នានេះ លោកស្រី ក៏បានបង្ហាញការព្រួយបារម្ភជុំវិញការប្រើប្រាស់បាកូដនៅលើសន្លឹកឆ្នោត ដែលអ្នករិះគន់យល់ថា អាចប៉ះពាល់ដល់សិទ្ធិសម្ងាត់របស់អ្នកបោះឆ្នោត។
ទន្ទឹមនឹងការជំរុញឱ្យប្រធានព្រឹទ្ធសភាពិនិត្យមើលរឿងនេះប្រកបដោយយុត្តិធម៌ លោកស្រី ក៏បានដាក់សំណួរដេញដោលទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតថៃ អំពីភាពត្រឹមត្រូវនៃដំណើរការរៀបចំ និងការប្រញាប់ប្រញាល់បង្កើតរដ្ឋាភិបាលថ្មី ទាំងដែលជម្លោះ និងបណ្ដឹងនានាមិនទាន់ត្រូវបានដោះស្រាយឱ្យដាច់ស្រឡះនៅឡើយ។
ជាការឆ្លើយតបបឋម គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលពាក្យបណ្ដឹងនានាទៅតាមនីតិវិធីច្បាប់ ប៉ុន្តែមិនទាន់បានឆ្លើយតបដោយផ្ទាល់ចំពោះការចោទប្រកាន់ចុងក្រោយរបស់លោកស្រី ណាន់ថាណា នៅឡើយទេ៕
អត្ថបទ៖ សួន ឡង់ទី