លោក ក្រៀងក្រៃ ធានុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានលើកឡើងថា គ្រោះទឹកជំនន់បានបង្កការខូចខាតដល់សេដ្ឋកិច្ច និងអាជីវកម្មក្នុងមូលដ្ឋានសរុបជាទឹកប្រាក់រហូតដល់ចន្លោះពី៧៥០លានដុល្លារអាម៉េរិក ទៅ៨១០លានដុល្លារអាម៉េរិក ហើយបានគូសបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ក៏ទទួលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដូចគ្នាដែរដោយសារទឹកជំនន់នេះ ខណៈភ្លៀងអាចនឹងធ្លាក់បន្ថែមទៀតនៅសប្ដាហ៍នេះ។
លោកបានបន្តទៀតថា ក្រុមហ៊ុនចំនួន៦០ដែលជាសមាជិកនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) នៅខេត្តឈៀងរ៉ៃ បានរងផលប៉ះពាល់ដោយទឹកជំនន់នេះ រួមទាំងការខូចខាតដល់រោងចក្រ ម៉ាស៊ីន គ្រឿងចក្រ រថយន្ត និងសម្ភារការិយាល័យផងដែរ។ លោកបន្ថែមទៀតថា ការិយាល័យសហព័ន្ធឧស្សាហកម្មថៃ (FTI) ប្រចាំខេត្តឈៀងរ៉ៃ ត្រូវបានបញ្ជាឱ្យវាយតម្លៃការខូចខាតដោយទឹកជំនន់ ដើម្បីអាចចាត់វិធានការទូទាត់សងការខូចខាតដែលអាចចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍នេះ។
បណ្ដាក្រុមហ៊ុនជាសមាជិកនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលផលិតទំនិញប្រើប្រាស់ ត្រូវបានស្នើសុំឱ្យបង្កើនសមត្ថភាពផលិតកម្ម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋចំពេលមានគ្រោះទឹកជំនន់ដ៏កំណាចនេះ។
លោកបានបញ្ជាក់ថា សហព័ន្ធបានត្រៀមវិធានការបន្ទាន់ដើម្បីស្តារអាជីវកម្មឡើងវិញសម្រាប់បណ្ដាក្រុមហ៊ុនជាសមាជិករបស់ខ្លួនដែលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលដោយសារគ្រោះទឹកជំនន់នេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនដែលជាសមាជិកភាគច្រើននៅក្នុងខេត្តឈៀងរ៉ៃ គឺនៅក្នុងឧស្សាហកម្មកែច្នៃកសិកម្ម៕ .
ដោយ: តែម សុខុម