តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Al Jazeera លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងគគុកនៅលើបណ្តាញសង្គម Truth Social ដោយបញ្ជាក់ថា អ៊ីរ៉ង់ បានបោះបង់ចោលឱកាសចរចាចុងក្រោយ ហើយពេលនេះ ត្រូវប្រឈមមុខនឹងការកាត់ផ្តាច់ចេញពីពិភពលោក។ លោកបានគំរាមធ្ងន់ៗថា រាល់ប្រទេស គ្រឹះស្ថានហិរញ្ញវត្ថុ ឬអាជីវកម្មណា ដែលហ៊ានផ្តល់ច្រកអាកាសចរណ៍ បើកកំពង់ផែ ឬផ្តល់ជំនួយសង្គ្រោះដល់អ៊ីរ៉ង់ នឹងត្រូវជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្រោមកណ្តាប់ដៃអាម៉េរិក។ យុទ្ធសាស្ត្រគាបសង្កត់សេដ្ឋកិច្ចរបស់លោក ត្រាំ នេះ មានគោលដៅចម្បងតែមួយគត់ គឺការបិទខ្ទប់ដង្ហើមប្រេងកាត នាវាចរណ៍ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីកាត់ផ្តាច់ប្រភពចំណូលហូរចូលក្រុងតេអេរ៉ង់ ឱ្យដល់ឫសគល់។
ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់ ហាក់មិនបានបង្ហាញភាពតក់ស្លុតចំពោះវិធានការ និងការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ នោះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ និងទីភ្នាក់ងារព័ត៌មាន Tasnim បានចុះផ្សាយថា អ៊ីរ៉ង់ បានចាត់ទុកសម្ពាធទាំងនេះមិនមែនជារឿងថ្មីនោះទេ ហើយការប្រកាសរបស់លោក ត្រាំ គ្រាន់តែជាការតោងប្រជាប្រិយភាពផ្នែកនយោបាយ បន្ទាប់ពីយុទ្ធសាស្ត្រយោធាត្រូវបរាជ័យតែប៉ុណ្ណោះ។ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ខ្លួនបានរៀនសូត្រ និងស៊ាំទៅនឹងការបិទខ្ទប់សេដ្ឋកិច្ចរបស់លោកខាងលិចអស់ជាច្រើនទសវត្សរ៍មកហើយ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ ការប្រកាសក្តែងរបស់លោក ត្រាំ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសអារ៉ាប់រួម ដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់អ៊ីរ៉ង់ បានសម្រេចចិត្តផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុងតេអេរ៉ង់ ក្រោមហេតុផល ដើម្បីរក្សាសុវត្ថិភាព។ ក្រុមអ្នកវិភាគមើលឃើញថា គំនាបសេដ្ឋកិច្ចលើកនេះមិនត្រឹមតែតម្រង់ទិសដៅលើទីក្រុងតេអេរ៉ង់ មួយមុខប៉ុណ្ណោះទេ តែជាការផ្ញើសារព្រមានដោយចំហទៅកាន់មហាអំណាច និងប្រទេសក្នុងតំបន់ដូចជាចិន ទួកគី និងអ៊ីរ៉ាក់ ដែលជាបណ្តាញដកដង្ហើមសេដ្ឋកិច្ចចុងក្រោយរបស់អ៊ីរ៉ង់ ឱ្យជ្រើសរើសផ្លូវឈរឱ្យបានច្បាស់លាស់រវាងអាម៉េរិក និងអ៊ីរ៉ង់៕
អត្ថបទៈ សួន ឡង់ទី