លោក ណាត់ថាផន បន្ថែមថា ក្នុងក្រសែភ្នែកអន្តរជាតិពេលនេះ កំពុងចាត់ទុកប្រទេសថៃ ជាប្រទេសធំ និងបានចូលឈ្លានពានប្រទេសកម្ពុជា។
ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិរូបនេះ និយាយថា ប្រទេសថៃកំពុងធ្វើសកម្មភាពការពារខ្លួនស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយធ្វើសកម្មភាពយោងតាមភាពចាំបាច់ និងសមាមាត្រ។ លោកបានស្នើឱ្យសាធារណជនមានទំនុកចិត្តថារដ្ឋាភិបាលកំពុងគោរពច្បាប់អន្តរជាតិ។
បន្ថែមពីនេះ លោក ណាត់ថាផន ថែមទាំងបាននិយាយឡាំប៉ា ដោយចោទអន្តរជាតិថា មិនបានថ្កោលទោសកម្ពុជាទាល់តែសោះ ចំពោះការដាក់មីននៅក្នុងទឹកដីថៃ។ ផ្ទុយទៅវិញ បែរជាអំពាវនាវឱ្យថៃកាត់បន្ថយការប្រើប្រាស់អាវុធ និងបន្ថយអំពើហិង្សាទៅវិញ។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២៣ ខែធ្នូនេះ បានថ្លែងថា ប្រទេសថៃ គឺជាអ្នកដែលចាប់ផ្ដើមជម្លោះឡើងវិញជាមួយកម្ពុជា ប៉ុន្ដែ លោកជឿជាក់ថា សហរដ្ឋអាម៉េរិក នឹងអាចសម្របសម្រួលបញ្ចប់សង្គ្រាមនេះបាន។
ទោះយ៉ាងណា នៅថ្ងៃដដែល លោកអនុទីន នាយករដ្ឋមន្ត្រីចាំផ្ទះថៃ បានចេញមកឆ្លើយតប ទៅកាន់ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា ប្រទេសថៃមិនដែលឈ្លានពាននរណាម្នាក់ឡើយ។ នាយករដ្ឋមន្ត្រីដែលទើបប្រកាសរំលាយសភាមុនកាលកំណត់រូបនេះ បាននិយាយថា លោកមិនមានការព្រួយបារម្ភទេចំពោះសម្ដីលោកដូណាល់ត្រាំនោះឡើយ។
បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃទី ២៤ ខែធ្នូ ស្អែកនេះ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីពិភាក្សាបន្ដ ដើម្បីស្វែងរកការឯកភាពជាលើបទឈប់បាញ់ ខណៈដែលអាស៊ាន និងសហគមន៍អន្តរជាតិជាច្រើនទៀត បានទាមទារឱ្យកម្ពុជា និងថៃបញ្ចប់ជម្លោះ និងមានបទឈប់បានឱ្យបានឆាប់។