ប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ី សម្រេចបានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក កាន់តែធំនៅឆ្នាំ២០២៥ ទោះប្រឈមនឹងពន្ធគយខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងណាក្ដី។ ក្នុងនោះវៀតណាម សម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់ជិត១៣៤ពាន់លានដុល្លារ ដែលជាទំហំធំជាងគេបំផុតនៅអាស៊ាន។ ជាមួយគ្នានេះថៃ សម្រេចបានអតិរេកពាណិជ្ជកម្មជាង៥១ពាន់លានដុល្លារ ខណៈម៉ាឡេស៊ី សម្រេចបាន២៣,២ពាន់លានដុល្លារ ដែលខ្ពស់ជាង១០ដង បើធៀបនឹងមួយទសវត្សរ៍មុន។ កំណើននៃការនាំចេញត្រូវបានគាំទ្រមួយអន្លើដោយក្រុមហ៊ុននានាសម្រុកដឹកជញ្ជូនទំនិញនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ឱ្យបានមុនពេលពន្ធគយថ្មីៗរបស់លោក ដូណាល់ ត្រាំ ចូលជាធរមាន និងដោយសារការចរចា ដែលបានបញ្ចុះពន្ធមួយចំនួនរបស់សហរដ្ឋអាម៉េរិក។
ក្នុងពេលជាមួយគ្នានេះ ឱនភាពពាណិជ្ជកម្មរបស់ប្រទេសទាំងនេះជាមួយប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង ពោលគឺចិនសម្រុកនាំចូលមកក្នុងតំបន់អាស៊ានយ៉ាងគំហុក។ ឱនភាពរបស់ម៉ាឡេស៊ី ជាមួយប្រទេសចិន បានកើនឡើង៦២% ប្រទេសថៃ ធ្លាក់ចុះ៥០% និងវៀតណាម ធ្លាក់ចុះ៤០% ដែលឆ្លុះបញ្ចាំងពីកំណើននៃការនាំចូលពីប្រទេសចិន។ ក្រុមអ្នកវិភាគនិយាយថា ទំនិញចិនមួយចំនួនក៏អាចត្រូវបានបញ្ជូនឆ្លងកាត់តំបន់អាស៊ានផងដែរ ដើម្បីចៀសវាងពន្ធគយខ្ពស់ដែលសហរដ្ឋអាម៉េរិក ដាក់លើទំនិញចិន។
បណ្ដារដ្ឋាភិបាល និងក្រុមអ្នកសេដ្ឋកិច្ច បានព្រមានថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក អាចធ្វើឱ្យការនាំចេញថយចុះនៅពេលដែលពន្ធគយទាំងនេះបញ្ចេញផលប៉ះពាល់ពេញទំហឹង ដែលបង្កហានិភ័យកាន់តែខ្លាំងឡើងដល់បណ្ដាសេដ្ឋកិច្ច ដែលនាំមុខដោយការនាំចេញនៅក្នុងតំបន់អាស៊ាន៕
ដោយ: តែម សុខុម