
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក នីកនដេក បាឡានគូរ៉ា (Nikorndej Balankura) បានអះអាងថា វិធានការកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធឺណិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានគោលបំណងតែមួយគត់ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងការឆបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ លោកបានសង្កត់ធ្ងន់ថា វាមិនមែនជាកលល្បិចក្នុងការដាក់សម្ពាធដល់កម្ពុជា ឬបង្វែរការចរចាទ្វេភាគីណាមួយនាពេលខាងមុខនោះទេ។
ជាមួយគ្នានេះ លោក ក៏បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់ថៃចំពោះការគាំទ្រយន្តការទ្វេភាគីក្នុងការដោះស្រាយភាពតានតឹងជាមួយកម្ពុជា ដូចជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួមនាពេលខាងមុខ និងកិច្ចពិភាក្សាផ្នែកយោធាដែលកំពុងបន្ត តែបន្តមិនគាំទ្រយន្តការតុលាការអន្តរជាតិដែលកម្ពុជាបានដាក់ចេញ។
ពាក់ព័ន្ធបញ្ហាចរន្តអគ្គិសនីនេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជាបញ្ជាក់ក្នុងវេទិកាសាធារណៈមួយនៅខេត្តពោធិ៍សាត់កាលពីពេលថ្មីៗថា ថាមពលអគ្គិសនីរដ្ឋដែលពលរដ្ឋកម្ពុជាកំពុងប្រើប្រាស់ទូទាំងប្រទេសគ្មានការរួមចំណែកពីថាមពលអគ្គិសនីរបស់ថៃនោះទេ ពោលគឺកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាពុំបានទិញថាមពលពីប្រទេសថៃយកមកបញ្ចូលទៅក្នុងបណ្តាញអគ្គិសនីជាតិរបស់កម្ពុជានោះទេ ខណៈសហគមន៍នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រើអគ្គិសនីរបស់ថៃ គឺមានប្រមាណជា៣ប៉ុណ្ណោះនៅតាមព្រំដែន ហើយក្នុងករណីថៃផ្តាច់ចរន្តអគ្គិសនី កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីឱ្យសហគមន៍ទាំងនេះ។ សម្រាប់ឯកឧត្តម កែវ រតនៈ ការភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសមួយទៅប្រទេសមួយ គឺជាផលចំណេញទាំងអស់គ្នា និងជាយន្តការអន្តរជាតិ ដែលប្រទេសជាច្រើនគេបានអនុវត្ត៕
ដោយៈ សរ សុជាតិ