យោងតាមទិន្នន័យរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញថា ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២៤ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង១២លាននាក់ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្នុងចំណោមទេសចរមកពី១០ប្រទេស ទេសចរចិន បានឈរកំពូលតារាង ដែលបានទៅកម្សាន្តនៅប្រទេសថៃ ច្រើនជាងគេ ដែលមានរហូតដល់ជាង២លាន៣៥ម៉ឺននាក់។
ភ្ញៀវទេសចរជនជាតិ ម៉ាឡេស៊ី បានលំដាប់ទីពីរក្រោយមានអ្នកទៅកម្សាន្តនៅថៃ ជិត១លាន៦សែននាក់ តាមពីក្រោយដោយភ្ញៀវទេសចររុស្ស៊ី មានជិត៧៧ម៉ឺននាក់, កូរ៉េខាងត្បូង ជិត៦៨ម៉ឺននាក់, ឥណ្ឌាជាង៦៤ម៉ឺននាក់, ឡាវជាង៤០ម៉ឺននាក់ និងអាល្លឺម៉ង់មានជាង៣៧ម៉ឺននាក់។
អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ប្រទេសថៃ នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង៨លាននាក់បន្ថែមទៀតក្នុងត្រីមាសទី២ ឆ្នាំនេះ ដែលនឹងកើនឡើង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អាជ្ញាធរនេះបានបន្ថែមទៀតថា ប្រទេសថៃ រំពឹងទទួលបានប្រាក់ចំណូលប្រមាណ១០ពាន់លានដុល្លារអាម៉េរិកពីភ្ញៀវទេសចរបរទេសទាំងនេះ ដោយកើនឡើង២៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ: តែម សុខុម