លោក ភុមថាម វ៉េឆាយ៉ាឆៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ក្រោមកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការចេញសត្វគោ ពពែក និងចៀមពីប្រទេសថៃ ទៅប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រភេទសត្វរស់ មិនមែនជាប្រភេទសាច់សុទ្ធនោះទេ។ បន្ថែមលើនេះ អាជ្ញាធរខាងចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនថៃ នាំចេញសាច់មាន់ស្រស់ សាច់មាន់កែច្នៃ និងសាច់មាន់ចម្អិនទៅកាន់ប្រទេសនេះផងដែរ។
នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីថៃ-អារ៉ាប៊ីសាអូឌីត មានចំនួនជាង២ពាន់លានដុល្លារធ្លាក់ចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះថៃ នាំចូលពីអារ៉ាប៊ីសាអូឌីត មានតម្លៃជាង១ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ២៨% ខណៈការនាំចេញរបស់ថៃ ទៅអារ៉ាប៊ីសាអូឌីត ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៩២៦លានដុល្លារ កើនឡើង១២%។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងអារ៉ាប៊ីសាអូឌីត មានទំហំសរុបជិត៩ពាន់លានដុល្លារ ក្នុងនោះការនាំចូលពីអារ៉ាប៊ីសាអូឌីត មានតម្លៃជាង៦ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ មង្គល