ការពន្លឿនការចរចានេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រីកទីផ្សារនាំចេញថ្មីៗ និងជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខណៈថៃ កំពុងមានទំនោរងាកទៅរកមហាយក្សចិន កាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
ប្រទេសថៃ កំពុងធ្វើពិពិធកម្មទីផ្សារនាំចេញ និងកាត់បន្ថយការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនលើសហរដ្ឋអាម៉េរិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធខ្ពស់លើទំនិញថៃ។ រដ្ឋាភិបាលថៃ បានផ្ដោតអាទិភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗចំនួន៣ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងពង្រីកឱកាសសេដ្ឋកិច្ចរយៈពេលវែង។
ទិន្នន័យបង្ហាញថា ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ការនាំចេញរបស់ប្រទេសថៃ ទៅកាន់សហរដ្ឋអាម៉េរិក មានទំហំសរុបជាង៥២ពាន់លានដុល្លារ ដោយកើនឡើង២៨,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើនឹង២០,៥% នៃការនាំចេញសរុបរបស់ប្រទេសថៃ។ ទន្ទឹមនេះ ប្រទេសចិន ត្រូវបានចាត់ទុកជាទីផ្សារធំបំផុតទី២ របស់ប្រទេសថៃ ដោយការនាំចេញរបស់ថៃ ទៅកាន់ចិន មានទំហំជិត៣១ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នា ដោយកើនឡើង១៦,១% ឬស្មើនឹង១២,១% នៃការនាំចេញសរុប។
ទោះជាយ៉ាងណា ថ្មីៗនេះសហរដ្ឋអាម៉េរិក បានដាក់ចេញវិធានការពន្ធសងសឹក ដោយដំឡើងពន្ធនាំចូលលើផលិតផលថៃ ដល់១៩% ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារថ្មីៗ និងទីផ្សារដែលមានសក្តានុពលខ្ពស់។
រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី សុធំពុន (Suphajee Suthumpun) បាននិយាយថា នៅក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ថៃថា ក្រសួងរបស់លោកស្រីបានដាក់ចេញនូវយុទ្ធសាស្ត្របុរេសកម្មក្រោមក្របខណ្ឌ«រក្សាតុល្យភាព–បរិយាប័ន្ន–ធ្វើពិពិធកម្ម» ដែលលោកស្រីរំពឹងថា នឹងធ្វើឱ្យការនាំចេញរបស់ថៃ ទៅកាន់ទីផ្សារថ្មីៗឈានដល់៩៥ពាន់លានដុល្លារ ជាមួយនឹងកំណើនយ៉ាងតិច៩%៕
ដោយ: តែម សុខុម