
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មន្ត្រីមីយ៉ាន់ម៉ានៅច្រកព្រំដែនជាប់ជាមួយថៃ បានបិទច្រកព្រំដែនភ្លាមៗហាមមិនឱ្យរថយន្តដឹកទំនិញថៃ ឆ្លងកាត់ និងបិទការធ្វើពាណិជ្ជកម្មទាំងអស់។ វិធានការនេះបានធ្វើឡើងដោយគ្មានការជូនដំណឹងជាមុនដល់អាជ្ញាធរថៃ រួមទាំងមន្ត្រីគយរបស់ថៃផងដែរ។ ការបិទព្រំដែននេះជាការបញ្ជាផ្ទាល់ចេញពីរដ្ឋធានីណៃពិដោ របស់មីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃវិធានការបង្រ្កាបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងគោលបំណងបង្វែរប្រាក់ចំណេញពីពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិ ព្រោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មួយភាគធំនៃប្រាក់ចំណូលបានពីពាណិជ្ជកម្មតាមព្រំដែននេះបានធ្លាក់ទៅលើដៃយោធានៅក្នុងតំបន់ព្រំដែនខាងលើ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាពេលនេះកំពុងស្វះស្វែងរឹតបន្តឹងការគ្រប់គ្រងឡើងវិញ និងបង្កើនប្រាក់ចំណូលដើម្បីឱ្យខ្លួនមានសេដ្ឋកិច្ចកាន់តែរឹងមាំ។ សូមបញ្ជាក់ថា ខណៈដែលស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ដែលជាស្ពានពាណិជ្ជកម្មដ៏សំខាន់ត្រូវបានបិទ ស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ នៅតែបើកដំណើរការធម្មតាសម្រាប់អ្នកថ្មើរជើង និងពាណិជ្ជកម្មតូចតាចក្នុងមូលដ្ឋាន។
ច្បាស់ណាស់ថា ការបន្តបិទស្ពានពាណិជ្ជកម្មឆ្លងកាត់ដ៏សំខាន់នេះនឹងជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាននៅទាំងសងខាងនៃព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយអ្នកដែលខាតបង់ធ្ងន់ធ្ងរជាងគេ គឺខាងភាគីថៃ ដែលធ្វើឱ្យថៃខឹងឆេះដុំ ហើយបន្ទោសមីយ៉ាន់ម៉ា ថាបិទព្រំដែនជាឯកតោភាគីមិនគោរពភាពជាប្រទេសជិតខាងគ្នា៕
ដោយ: តែម សុខុម