រដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដូចជា អ៊ីស្លង់ លិចតិនស្តាញ ន័រវេស និងស្វីស ដែលគ្រោងធ្វើឡើងនៅទីក្រុងដាវូស ប្រទេសស្វីស។ បណ្តាប្រទេសទាំងនេះ ត្រូវបានគេស្គាល់ជាទូទៅថា ជាក្រុមប្រទេសសមាជិកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ដែលមានទំនាក់ទំនងពាណិជ្ជកម្ម និងសេវាកម្មជាមួយនឹងថៃ មានតម្លៃសរុបប្រមាណជាង៣ពាន់លានដុល្លារ ក្នុងនោះថៃ នាំចេញមានទំហំជិត២ពាន់លានដុល្លារ ហើយនាំចូលមកវិញមានតម្លៃប្រមាណ១,៤ពាន់លានដុល្លារ។
ទម្រាំឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម នាពេលខាងមុខនេះ ក្រុមអ្នកជំនាញថៃ បានព្យាយាមធ្វើការជាមួយនឹងដៃគូផ្សេងៗមានរយៈពេលជិត២០ឆ្នាំមកហើយ ពោលគឺការចរចារវាងថៃ និងក្រុមប្រទេសទាំងនេះ បានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០០៥ និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៤។ ការចំណាយពេលយូរលើការចរចានេះ គឺដោយសារមានការរាំងស្ទះមួយចំនួន ដែលបង្កឡើងដោយការរដ្ឋប្រហារនៅឆ្នាំ២០០៦ និងឆ្នាំ២០១៤។
នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលថៃ គ្រោងចុះហត្ថលេខាជាមួយបណ្តាប្រទេសទាំង៤ ខាងលើ ពួកគេបានឯកភាពនឹងលុបចោល ឬកាត់បន្ថយពន្ធគយលើផលិតផលឧស្សាហកម្ម និងអាហារសមុទ្រ ហើយក៏បានយល់ព្រមក្នុងការសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មតាមរយៈនីតិវិធីពន្លឿន និងច្បាប់ប្រកបដោយតម្លាភាព។
រដ្ឋាភិបាលថៃ សង្ឃឹមថា តាមរយៈកិច្ចព្រមព្រៀងនេះវានឹងជួយពង្រីកទីផ្សារនាំចេញរបស់ខ្លួន និងជួយទប់ទល់នឹងភាពមិនប្រាកដប្រជាពាណិជ្ជកម្ម ពោលគឺពន្ធគយពីរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ និងការកើនឡើងកម្តៅជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន៕
ដោយៈ សរ សុជាតិ