
សារព័ត៌មាន VN Express បានរាយការណ៍ថា ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ី ចំនួនពីររូប ត្រូវបានពលរដ្ឋថៃ ដុតទាំងរស់នៅខាងក្រៅមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកបំផុតនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ ដែលបណ្តាលឱ្យពួកគេរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅក្នុងអំឡុងជនរងគ្រោះទាំងពីរអង្គុយលេងលើជណ្តើរនៅខាងក្រៅមជ្ឈមណ្ឌលនេះ។
ឧក្រិដ្ឋកម្មដ៏ឃោឃៅនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាននានានៅលើពិភពលោកដូចជា the Star, កាសែត South China Morning Post, the Straits Times, Inquirer.net ជាដើម។ ព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញសង្គមនៅតាមបណ្តាប្រទេសជាច្រើន ជាពិសេសនៅម៉ាឡេស៊ី និងថៃ តែម្តង។
អ្នកវិភាគបានចាត់ទុកបញ្ហានេះ នឹងក្លាយជាឧក្រិដ្ឋកម្មថ្មី ដែលនឹងជះផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ថៃ ដែលបានរងគ្រោះជាបន្តបន្ទាប់ចាប់តាំងពីឧក្រិដ្ឋកម្មបាញ់រះនៅផ្សារទំនើប និងឧក្រិដ្ឋកម្មចាប់ជំរិតតារាចិននៅកណ្តាលទីក្រុងបាងកក។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥ ថៃ ស្រូបទាញភ្ញៀវទេសចរបរទេសបានប្រមាណជាង១៩លាននាក់ មានការធ្លាក់ចុះជាង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយៈ សរ សុជាតិ