រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាម វេឆៃយ៉ាឆៃ (Phumtham Wechayachai) បានទម្លាយឱ្យដឹងថា រដ្ឋាភិបាលថៃ ពេលនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងពិភពលោកដែលអាចជះផលប៉ះពាល់មកលើការនាំចេញរបស់ថៃ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃ មិនត្រឹមតែយកចិត្តទុកដាក់តាមដានស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ តែក៏តាមដានស្ថានការណ៍សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ ដោយធ្វើការសម្របសម្រួលជាមួយអាជីវកម្មក្នុងស្រុក ធ្វើយ៉ាងណាជួយឱ្យអាជីវកម្មទាំងនោះអាចសម្របខ្លួនបានទៅតាមស្ថានភាពជាក់ស្ដែង។
រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បាននិងកំពុងត្រៀមលក្ខណៈសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលអាចជះផលប៉ះពាល់មកលើការនាំចេញរបស់ថៃ ហើយក្រសួងរបស់លោក កំពុងបន្តស្វែងរកដំណោះស្រាយ។
ទន្ទឹមនេះ រដ្ឋាភិបាលថៃ ក៏បានយកចិត្តទុកដាក់ផងដែរចំពោះផលប៉ះពាល់ដែលអាចកើតមានឡើងមកលើអាជីវកម្មក្នុងស្រុក ខណៈដែលទីផ្សារកំពុងងាកទៅរកអាជីវកម្មអនឡាញ ឬ E-commerce កាន់តែច្រើនឡើង។ ក្រសួងពាណិជ្ជកម្មថៃ គ្រោងកោះប្រជុំជាមួយបណ្ដាទីភ្នាក់ងារសេដ្ឋកិច្ច ដើម្បីពិភាក្សាពីស្តង់ដានាំចេញ-នាំចូលក្នុងគោលបំណងទប់ស្កាត់បញ្ហានានា និងធ្វើវិសោធនកម្មច្បាប់ដោយមិនបំពានលើកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO។
លោក ក្រៀងក្រៃ ធាននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានព្រមានថា បណ្ដាក្រុមហ៊ុននាំចេញរបស់ថៃ អាចនឹងរងផលប៉ះពាល់ ប្រសិនបើសេដ្ឋកិច្ចអាម៉េរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលការលក់ និងសកម្មភាពផលិតកម្មក្នុងប្រទេសថៃកំពុងធ្លាក់ចុះ៕
ដោយ: តែម សុខុម