មីយ៉ាន់ម៉ា

ធនាគារអន្តរជាតិធំៗប្រឈមនឹងការត្រួតពិនិត្យ ក្រោយមានជាប់ទាក់ទងនឹងធនាគារ និងក្រុមហ៊ុនមីយ៉ាន់ម៉ាដែលរងទណ្ឌកម្ម


មានឯកសារដែលបែកធ្លាយពីក្រុមសកម្មជន និងអ្នកតស៊ូមតិនៅមីយ៉ាន់ម៉ាឱ្យដឹងថា ធនាគារអន្តរជាតិធំៗ រួមទាំងធនាគារ ANZ របស់អូស្ត្រាលី បានបន្តមានទំនាក់ទំនងជាមួយធនាគារដែលគ្រប់គ្រងដោយរដ្ឋបាលយោធាមីយ៉ាន់ម៉ា បើទោះបីជាធនាគារទាំងនោះរងទណ្ឌកម្ម និងការដាក់ឱ្យនៅឯកោ ដោយសារតែអំពើបង្ក្រាបយ៉ាងបង្ហូរឈាមលើការតវ៉ាប្រឆាំងពីពលរដ្ឋ ក្រោយរដ្ឋប្រហារក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazzera។
ធនាគារធំៗប្រឈមការត្រួតពិនិត្យក្រោយទាក់ទងធនាគារនិងក្រុមហ៊ុននៅមីយ៉ាន់ម៉ា!

ធនាគារ ANZ ដែលជាធនាគារមួយក្នុងចំណោម​ធនាគារធំៗទាំងបួន​របស់អូស្ត្រាលី បាន​ប្រើប្រាស់ប្រតិបត្តិការ​តាមរយៈក្រុមហ៊ុន​ធានារ៉ាប់រង AIA ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីផ្ទេរប្រាក់ទៅគណនីក្រោមប្រតិបត្តិការគ្រប់គ្រងដោយធនាគារ Innwa Bank ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​សាជីវកម្ម​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា ហៅកាត់ថា MEC កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២១។ នេះ​បើ​តាម​ការ​លើក​ឡើង​​របស់​អង្គការ Justice for Myanmar ដោយយោងទៅលើឯកសារ​​របស់ធនាគារ ​ដែលបាន​​បែក​ធ្លាយ។

ក្រៅពីនោះ​ក៏មានដែរ ក្រុមហ៊ុន​របស់​ម៉ាឡេស៊ី​ឈ្មោះ អ៊ីដុតខូ(edotco) ដែលបានជួល​បង្គោល​អង់តែនរបស់ខ្លួន ទៅឱ្យ​ប្រតិបត្តិករ​​ទូរសព្ទ​ចល័ត​មីយ៉ាន់ម៉ា Mytel ក៏បានប្រើប្រាស់​គណនី ANZ ដើម្បីអនុវត្តប្រតិបត្តិការទូទាត់​ជាមួយគណនីធនាគារ Innwa ក្នុងខែមេសា និងមិថុនា ឆ្នាំ២០២១ផងដែរ។ នេះបើយោងតាម​របាយការណ៍ដែលចេញផ្សាយ​ដោយក្រុមសកម្មជន​កាលពីថ្ងៃពុធសប្តាហ៍។

របាយការណ៍ដដែលបានបន្តថា ធនាគារ UOB របស់សិង្ហបុរី ដែលជាធនាគារ​ធំបំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ បានសម្របសម្រួល​ប្រតិបត្តិការរវាងក្រុមហ៊ុន​ដឹកជញ្ជូន​របស់ចិន និងក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) ក្នុងខែមិថុនា និងខែកក្កដាឆ្នាំមុន។ ធនាគារនៅសិង្ហបុរី​ក៏បានផ្តល់ប្រាក់កម្ចីទៅឱ្យក្រុមហ៊ុនផលិតម៉្សៅទឹកដោះគោឈ្មោះ Lamintayar ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

ទន្ទឹមនឹងនេះធនាគារ BIDV ដែលជាធនាគាររដ្ឋវៀតណាម និងធនាគារ KEB Hana របស់កូរ៉េខាងត្បូង បានអនុវត្តប្រតិបត្តិការ​យ៉ាងហោចណាស់១៨ដង ជាមួយក្រុមហ៊ុន​ទូរគមនាគមន៍​អន្តរជាតិ​មីយ៉ាន់ម៉ា (Telecom International Myanmar) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន​សាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) នេះបើយោងតាមអង្គការយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា។

គួរជម្រាបថា ឯកសារធនាគារ​មីយ៉ាន់ម៉ា Innwa Bank ដែលបានបែកធ្លាយទាំងនេះ ត្រូវបានលួចយក និងបញ្ចេញ​មក​លើបណ្តាញអ៊ីធឺណែតដោយ ក្រុមមួយមាន​ឈ្មោះថា Distributed Denial of Secrets ដែលចាត់ទុកខ្លួនឯងថា ជាក្រុមមានតម្លាភាព ហើយតែងតែចេញផ្សាយជារឿយៗនូវឯកសារព័ត៌មានដែលខ្លួនចូលទៅលួច​បានពីទិន្នន័យអ៊ីធឺណែត​របស់រដ្ឋាភិបាល និងអាជីវកម្ម​ក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រោយមានការបែកធ្លាយឯកសារខាងលើ អ្នកនាំពាក្យធនាគារ ANZ នៅអូស្រ្តាលី បាននិយាយថាធនាគារមិនមានទំនាក់ទំនងពាណិជ្ជកម្ម​ណាមួយ នឹងមួយធនាគារ Innwa របស់មីយ៉ាន់ម៉ាទេ។ អ្នកនាំពាក្យរូបនោះបានប្រាប់​សារព័ត៌មាន​ Al Jazzera ថាប្រតិបត្តិការ​របស់ធនាគារ ANZ ទាំងអស់ គឺអនុវត្តទៅតាមច្បាប់ដែលបាន​កំណត់​។​ សារព័ត៌មាន Al Jazeera បានទាក់ទងធនាគារផ្សេងទៀតដូចជា BIDV, AIA និងធនាគារ KEB Hana ប៉ុន្ដែ គ្មានការឆ្លើយតបនោះឡើយ។

សូមជម្រាបថា ធនាគារ Innwa បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលគ្រប់គ្រងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដែលធនាគារនេះអាចរក្សា​ការចូលទៅកាន់ប្រព័ន្ធធនាគារអន្តរជាតិ ទោះមានការដាក់ទណ្ឌកម្ម​ពីសហរដ្ឋអាមេរិកក៏ដោយ។ ខណៈពេលដែលសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុនសាជីវកម្ម​សេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) ជុំវិញ​រដ្ឋប្រហារយោធា​កាលពីឆ្នាំ២០២១មក ប្រទេស​ដែលមានការរកស៊ី​ច្រើន​នៅមីយ៉ាន់ម៉ា​ដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង មិនបាន​ចាត់វិធានការ​ប្រឆាំងនោះទេ៕




អត្ថបទបន្ទាប់


ប្រទេសចិនថា អាមេរិកសមនឹងត្រូវគេស្ដីបន្ទោស ចំពោះការធ្វើឱ្យខូចកិច្ចសហប្រតិបត្តិការអាកាសធាតុ

ព័ត៌មាន
ក្រសួងការបរទេសចិនបាននិយាយថា ទំនាក់ទំនងការទូតស្តីពីការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក គឺមិនអាចផ្ដាច់ចេញពីភាពតានតឹងផ្នែកនយ…

កម្ពុជាសង្ឃឹមខ្ពស់ថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់២លាននាក់ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២២

ព័ត៌មាន
កម្ពុជាបន្តក្ដីសង្ឃឹមខ្ពស់ថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរំពឹងអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ