សណ្តាប់ធ្នាប់តំបន់

តើថៃ អាចជារដ្ឋមួយដែលកំពុងងាកចេញពីសណ្តាប់ធ្នាប់តំបន់ និងពិភពលោកឬយ៉ាងណា?


បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលឈានដល់ការផ្ទុះអាវុធ ៥ថ្ងៃ កាលពីខែ កក្កដា កន្លងមកនេះ បានកើតឡើងដោយសារតែបញ្ហា នៃការអុជអាលដោយប្រើប្រាស់ចលនាជាតិនិយមជ្រុលពីសំណាក់អ្នកនយោបាយ និងអ្នកអភិរក្សជ្រុលនិយមមួយក្រុមរបស់ថៃ។
សណ្តាប់ធ្នាប់តំបន់
ដោយ

ទស្សនៈអគតិ និង គំនិតអវិជ្ជមានពីសំណាក់ប្រជាពលរដ្ឋ និង អ្នកនយោបាយជ្រុលនិយមថៃទាំងអស់នោះហើយ កំពុងធ្វើឱ្យជម្លោះកាន់តែក្តៅងំ និង ពិបាករកផ្លូវទម្លាយភាពទាល់ច្រកដែលជំរុញឱ្យមានការប្រើប្រាស់គ្រប់មធ្យោបាយចាប់តាំងពីការប្រើប្រាស់យោធា រដ្ឋបាលស៊ីវិល ការទូត រហូតដល់គម្រោងបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាអំពីការរំលាយអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងប្រទេស និងប្រទេសកាលពីឆ្នាំ២០០០ ខណៈកម្ពុជាប្រកាន់ភ្ជាប់នូវការអត់ធ្មត់គ្រប់បែបយ៉ាង និង ប្រើប្រាស់ត្រឹមតែយុទ្ធសាស្ត្រការពារ ច្បាប់ និង ការទូត ដើម្បីឆ្លើយតបនឹងទង្វើអរិភាព ដែលបង្កឡើងដោយភាគីថៃ ប៉ុណ្ណោះ។

កម្ពុជា ក្នុងនាមជាប្រទេស ដែលធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមដ៏មហាវិនាសកម្មប្រមាណ៣ទសវត្សរ៍ មានការយល់ដឹងខ្ពស់ពីទុក្ខវេទនា នៃសង្រ្គាម ហើយក៏ដឹងពីភាពគ្រោះថ្នាក់ នៃចលនាជាតិនិយមជ្រុលផងដែរ ដូច្នេះវិធីសាស្រ្តដែលកម្ពុជា កំពុងប្រើ គឺជាវិធានការទន់ភ្លន់តែម៉ឺងម៉ាត់ ដោយប្រើតែយន្តការច្បាប់ និងការទូត ដើម្បីទប់ទល់ជាមួយថៃ ដែល​ពីមួយថ្ងៃទៅមួយថ្ងៃបានប្រើប្រាស់សកម្មភាពគ្រប់បែបយ៉ាង ដើម្បីឲ្យសភាពការណ៍នៅតាមព្រំដែនកាន់តែឡើងកម្តៅ។ ក្រោយសម្រេចបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ក្រោមក្រសែភ្នែកប្រធានប្តូរវេនអាស៊ាន ម៉ាឡេស៊ី និង មហាអំណាចអាម៉េរិក និងចិន កម្ពុជា បានរក្សាភាពអត់ធ្មត់គ្រប់បែបយ៉ាង ដែលផ្ទុយនឹងសកម្មភាពរបស់ភាគីថៃ។

ថៃ បានប្រើប្រាស់យោធាពង្រាយរបងលួស ប្រើប្រាស់រដ្ឋបាលស៊ីវិលបង្កើតខ្សែបន្ទាត់ព្រំដែនឯកតោភាគី ដាក់ច្បាប់អាជ្ញាសឹកមកលើប្រជាពលរដ្ឋកម្ពុជា នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយថ្មីៗនេះទៀតសោតថៃ បានឈានដល់អះអាងថា កំពុងបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាអំពីការរំលាយអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលបានចុះហត្ថលេខារួមគ្នារវាងប្រទេសទាំងពីរថែមទៀត។

រដ្ឋាភិបាលថៃ គ្មានសិទ្ធិសេរីភាព និងអំណាចគ្រប់គ្រាន់ ហើយទុកឲ្យតែយោធាថៃ ធ្វើព្យុះធ្វើភ្លៀង ធ្វើភ្លើង ធ្វើភ្លើដែលខុសពីកម្ពុជា ដែលចាប់តាំងពីថ្នាក់លើ រហូតដល់ក្រោម គឺដើរតាមខ្សែបន្ទាត់តែមួយ គោលនយោបាយតែមួយ ប្រព័ន្ធដឹកនាំ និងបញ្ជាទ័ពតែមួយ ហើយការទូតក៏ឈរនៅលើគោលការណ៍តែមួយ។ រាល់គោលនយោបាយ គោលការណ៍ យន្តការនានា រួមទាំងយោធា និងការទូត គឺស្ថិតនៅក្រោមរចនាសម្ព័ន្ធតែមួយផ្អែកតាមច្បាប់ជាតិ ច្បាប់តំបន់ និងច្បាប់អន្តរជាតិ ហើយអ្វីដែលកម្ពុជា បានប្រកាស គឺមានភាពច្បាស់លាស់ និង មានទឡ្ហីករណ៍ពិតប្រាកដ។

ជាក់ស្តែងថ្មីៗនេះតែម្តង ក្រោយកងទ័ពថៃ បានបាញ់ផ្លោងមកលើទឹកដីកម្ពុជា ដែលបានរំលោភបទឈប់បាញ់កាលពីថ្ងៃ២៧ ខែកញ្ញា ស្របពេលប្រមុខការទូតកម្ពុជា កំពុងធ្វើសេចក្តីថ្លែងការណ៍ជូនសហគមន៍អន្តរជាតិ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ជាសក្ខីកម្មមួយដែរ។ ពាក់ព័ន្ធទៅនឹងករណីនេះ កងទ័ពថៃ បានរាយការណ៍ប្រាប់កាសែតថៃ the Nation ហើយបានចោទកម្ពុជាថា ហេតុការណ៍នោះ កម្ពុជា ជាអ្នកបង្កររឿង ដោយកងទ័ពកម្ពុជា បានប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់បែកដៃវាយប្រហារលើថៃមុន។

ដោយឡែករឿងលុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ វិញ ការលុប ឬមិនលុបវាអាស្រ័យលើថៃ ប៉ុន្តែកុំភ្លេចថា រឿងនេះវាបានក្លាយជាឯកសារបណ្ណាសាសម្រាប់តំបន់ និងអន្តរជាតិ បាត់ទៅហើយ។ ប្រសិនបើថៃ លុបចោល នោះបានបញ្ជាក់ថា ថៃកំពុងធ្វើប្រតិភូកម្មដោយខ្លួនឯង និងបានបង្ហាញទៅកាន់ពិភពលោកថា ខ្លួនចូលចិត្តធ្វើអ្វីតាមតែទំនើងចិត្ត ធ្វើអ្វីៗជាឯកតោភាគីជាងច្បាប់ទ្វេភាគី ដែលមានប្រទេសក្នុងតំបន់ និងអន្តរជាតិ ទទួលស្គាល់។

សរុបជារួមផ្អែកតាមទឡ្ហីករណ៍ដែលមាន កម្ពុជា នៅតែជាភាគីដែលមានវិន័យ និងគោរពសណ្តាប់ធ្នាប់ពិភពលោក និងតំបន់។ តួយ៉ាងថ្មីៗនេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាបានប្រើប្រាស់សិល្បៈការទូតយ៉ាងស្ទាត់ជំនាញ ហើយនៅតែរក្សាជំហរការទូតបកអាក្រាតទង្វើ និងសកម្មភាពរបស់ថៃ ស្របពេលដែលអ្នកការទូតថៃ បានព្យាយាមបកស្រាយអុលអាលថា កម្ពុជា ព្យាយាមសម្តែងធ្វើជាជនរងគ្រោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី លើកទឹកចិត្តឱ្យ SME ប្តូរពីការធ្វើអាជីវកម្មលក្ខណៈគ្រួសារទៅជាលក្ខណៈក្រុមហ៊ុនស្ដង់ដារ ដើម្បីចាប់ឱកាសសហការជាមួយបរទេស

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME…

ថៃ អះអាងថា ការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជា ធ្លាក់ចុះជិត១០០% តែរបាយការណ៍របស់កម្ពុជា ធ្លាក់ចុះតែជិត៣០% តើមកពីមូលហេតុអ្វី?

របាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសថៃ ជាមួយកម្ពុជា មានការធ្លាក់ចុះរហូតដល់៩៩,៩% នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ