Apple រងការផាកពិន័យនៅប្រេស៊ីល

តុលាការប្រេស៊ីល សម្រេចផាកពិន័យក្រុមហ៊ុនយក្ស Apple ១៩លានដុល្លារ ដោយសារលក់ iPhone មិនមានឆ្នាំងសាកភ្ជាប់មកជាមួយ


ទីបំផុត តុលាការប្រេស៊ីល បានសម្រេចផាកពិន័យជាថ្មីទៀត ចំពោះក្រុមហ៊ុន Apple ក្នុងទំហំទឹកប្រាក់ពិន័យចំនួន ១៩លានដុល្លារ និងបង្គាប់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ ត្រូវលក់ទូរសព្ទ iPhone ដែលមានឆ្នាំងសាកមកជាមួយនៅក្នុងប្រទេសនេះ។ វាគឺជាការផាកពិន័យលើកទីពីរហើយ សម្រាប់ក្រុមហ៊ុន Apple ក្នុងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ដោយសារតែបញ្ហាលក់ទូរស័ព្ទ iPhone ដែលមិនមានឆ្នាំងសាកភ្ជាប់មកជាមួយ។នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។
Apple រងការផាកពិន័យ ១៩លានដុល្លារនៅប្រេស៊ីល ដោយសារលក់ iPhone គ្មានឆ្នាំងសាកភ្ជាប់ជាមួយ

តុលាការ​រដ្ឋ Sao Paulo នៃប្រទេស​ប្រេស៊ីល បាន​កាត់ក្តី​ ដោយបង្គាប់ឲ្យ​ក្រុមហ៊ុន​ Apple ត្រូវសងប្រាក់​ចំនួន​១៩លានដុល្លារ ក្រោយ​ទទួល​ពាក្យ​​បណ្តឹងពីសមាគមអ្នកប្រើប្រាស់​ថា ក្រុមហ៊ុន​មួយនេះបាន​លក់ទូរសព្ទ iPhone មិនមានឆ្នាំងសាកមកជាមួយ ហើយ​អតិថិជន​ត្រូវចំណាយលុយទិញបន្ថែម។

យោងតាមសាលក្រម​​របស់តុលា​ការ​ប្រេស៊ីល បាន​ឱ្យដឹងថា ខ្លួន​បានរកឃើញ​ភស្តុតាង​ដែលបញ្ជាក់ថា ចុងចោទ (Apple) ពិតជាបាន​តម្រូវឱ្យ​អតិថិជនខ្លួន​ ដែល​បានទិញ iPhone ហើយ ត្រូវទិញឆ្នាំងសាកអមជាមួយបន្ថែមទៀត។ ទោះយ៉ាងណា ​​ក្រុមហ៊ុន Apple មិនសុខចិត្តឡើយដោយ​នឹង​សម្រេច​​ប្តឹងបន្ត​ទៅតុលាការឧទ្ធរណ៍។

កន្លងមក ក្រុមហ៊ុនអាមេរិកមួយនេះបាន​ពន្យល់​ជាច្រើនដង​រួចមកហើយថា មូលហេតុ​ដែលខ្លួន​មិនដាក់​ឆ្នាំង​សាកមក​ជាមួយ​ គឺដើម្បីជួយដល់បរិស្ថាន កាត់បន្ថយការបញ្ចេញផ្សែង ដោយហេតុថា ឆ្នាំងសាកដែលអ្នកប្រើប្រាស់​​មានស្រាប់​ប្រើ​ជាមួយ iPhone ស៊េរីមុន​នោះ ក៏អាចប្រើប្រាស់​ត្រូវគ្នា​ជាមួយ​នឹង iPhone ស៊េរីថ្មីនេះដែរ។

បើយោងតាម​ការចុះផ្សាយ​​របស់សារព័ត៌មាន​ប្រេស៊ីល Estadao ឱ្យដឹងថា ជុំវិញ​ការផាកពិន័យនេះ ក្រុមហ៊ុន Apple នឹងលក់​ iPhone ភ្ជាប់​ជាមួយ​ឆ្នាំងសាកឡើងវិញ​តែម្តង ហើយ​ចំពោះ​អ្នក​ដែលបាន​ទិញ​ iPhone ចាប់តាំងពីក្រោយ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២០មក ក៏នឹងត្រូវទទួលបាន​ឆ្នាំងសាក Free បន្ថែម​ពី Apple ផងដែរ។

គួរដឹងថា Apple បាន​ចាប់ផ្តើម​​លក់​ iPhone 12 ដោយគ្មានឆ្នាំងសាក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ​២០២០។ ជារួម​នៅក្នុងប្រទេស​ភាគច្រើន Apple បាន​លក់ iPhone ដោយគ្មានកាស និងឆ្នាំងសាក ដោយ​ផ្តល់ឱ្យត្រឹមតែខ្សែ​​សម្រាប់​ដោត​សាកតែប៉ុណ្ណោះ។

កាលពី​ខែកញ្ញា​កន្លងទៅ ក្រសួង​យុត្តិធម៌ប្រេស៊ីល បាន​បង្គាប់​ឱ្យក្រុមហ៊ុន Apple បញ្ឈប់ការលក់ iPhone ដែលគ្មានឆ្នាំងសាកមកជាមួយ និង​បានពិន័យជាទឹកប្រាក់ ជាង ២លាន៣សែនដុល្លារផងដែរ ក្រោមការចោទប្រកាន់ថា Apple លក់​ផលិតផល​មិនគ្រប់ឱ្យ​អតិថិជន។

ថ្មីៗនេះ ​សហភាព​អឺរ៉ុប​បាន​អនុម័តច្បាប់​មួយ ​ដែលតម្រូវ​ឱ្យឧបករណ៍អេឡិចត្រូនិច ដូចជា ស្មាតហ្វូន ថេប​ប្លេត និងកាមេរ៉ាទាំងអស់ ដែល​លក់នៅក្នុងតំបន់នេះ ត្រូវតែ​ដាក់រន្ធ USB-C ចាប់ពីឆ្នាំ​២០២៤ ពោលគឺ​វានឹង​បង្ខំ​ឱ្យ Apple ត្រូវតែកែការរចនា​ iPhone និង iPad របស់ខ្លួនឡើងវិញ ដើម្បីអាចលក់ស្របតាម​ច្បាប់​របស់អឺរ៉ុ​បបាន៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមប្រទេស G-20 ព្រមព្រៀងគ្នាក្នុងការបញ្ចៀសផលប៉ះពាល់នៃវិធានការរឹតបន្តឹងរូបិយវត្ថុ

ព័ត៌មាន
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនចំនួន ២០ ហៅថាក្រុមជី២០នោះបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចៀសផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការដំឡើង…

កត្តាអ្វីនាំឲ្យប្រាក់យ៉េនជប៉ុនបន្តដាំក្បាលចុះកាន់តែខ្លាំង ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងជាង៣ទសវត្សរ៍ចុងក្រោយ?

ព័ត៌មាន
តម្លៃប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ដល់កម្រិតទាបខ្លាំងមែនទែន ក្នុងហាងឆេងប្តូរប្រាក់កាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលា ដែលវាត្រូវបានគេចាត់ទុកថា ជាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ