
បើយោងតាមក្រសួងទេសចរណ៍ និងកីឡាថៃ នៅត្រីមាសទី១ ឆ្នាំ២០២៥ ប្រទេសថៃ ទាក់ទាញភ្ញៀវទេសចរចិន បានត្រឹមតែ១,៣លាននាក់ប៉ុណ្ណោះ ខណៈប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវទេសចរចិនរហូតដល់១,៥លាននាក់ កើនឡើង១៧៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ពាក់ព័ន្ធបញ្ហានេះ លោក អាឌិត ឆៃរ៉ាតតាណានន (Adith Chairattananon) អគ្គលេខាធិការកិត្តិយសនៃសមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានលើកឡើងថា វៀតណាម បានពង្រីកទីផ្សាររបស់ខ្លួនយ៉ាងខ្លាំងក្លា ដោយផ្តោតលើមិនត្រឹមតែប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងផ្តោតលើគោលដៅទេសចរណ៍ស្រដៀងៗថៃ ដូចជាកូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា និងតៃវ៉ាន់ ផងដែរ។
លោកបានបន្តថា ការដាក់ចេញកម្មវិធីទាក់ទាញថ្មីៗ គួបផ្សំការដឹកជញ្ជូនមានការរៀបចំបានល្អ ជាពិសេសការតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ មានភាពសម្បូរបែប និងកញ្ចប់ដំណើរទេសចរ ថោកជាងថៃ រហូតដល់ទៅ៣០% បានក្លាយជាចំណុចខ្លាំងមួយរបស់វៀតណាម ក្នុងការទាក់ទាញភ្ញៀវទេសចរ ជាពិសេសជនជាតិចិន។
បើតាមការលើកឡើងរបស់អគ្គលេខាធិការខាងលើ ដើម្បីស្រូបទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅថៃ កាន់តែច្រើន សមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានស្នើឱ្យអាជ្ញាធរធ្វើការឱ្យបានជិតស្និទ្ធជាមួយភ្នាក់ងារទេសចរណ៍ចិន ដើម្បីផ្សព្វផ្សាយកញ្ចប់ទេសចរណ៍ជាមួយនឹងតម្លៃពិសេសតាមរយៈជើងហោះហើរនានា ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើតម្លៃកញ្ចប់ទេសចរ មិនមានភាពប្រកួតប្រជែង នោះថៃនឹងពិបាកប្រើប្រាស់ចំណុចខ្លាំងផ្សេងទៀតរបស់ខ្លួនក្នុងការស្តារទីផ្សារទេសចរណ៍ចិន៕
ដោយៈ សរ សុជាតិ