ប្រទេសថៃ

អនាគតរដ្ឋាភិបាលថ្មីថៃ ត្រូវបានស្នើឲ្យអនុម័តគោលនយោបាយគាំពាររថយន្តអគ្គីសនី


រដ្ឋាភិបាលថ្មីថៃដែលនឹងកើតឡើងនាពេលខាងមុខ ត្រូវបានក្រុមប្រឹក្សាគោលនយោបាយយានយន្តអគ្គិសនីជាតិ ជំរុញឲ្យអនុម័តកញ្ចប់គោលនយោបាយរថយន្តអគ្គិសនី ៣.៥ ដែលលើកទឹចិត្តចំពោះការប្រើប្រាស់រថយន្តអគ្គីសនី។ ជាមួយនឹងកញ្ចប់នៃការលើកទឹកចិត្តនេះ គេសង្ឃឹមថា ចំនួនរថយន្តអគ្គីសនីដែលចុះបញ្ជីថ្មីនៅថៃក្នុងឆ្នាំនេះ នឹងឡើងដល់៦ម៉ឺនគ្រឿង។ នេះបើតាមសេចក្តីរាយការណ៍របស់សារព៍ត៌មាន the Nation ។
អនាគតរដ្ឋាភិបាលថ្មីថៃត្រូវបានស្នើឲ្យអនុម័តគោលនយោបាយគាំពាររថយន្តអគ្គីសនី
ដោយ

ក្រុមប្រឹក្សាគោលនយោបាយយានយន្តអគ្គិសនីជាតិនឹងជំរុញឱ្យអនាគតរដ្ឋាភិបាលថ្មីថៃអនុម័តកញ្ចប់គំាទ្រនិងលើកទឹកចិត្តចំពោះការប្រើប្រាស់រថយន្តអគ្គីសនីនៅក្នុងរាជាណាចក្រនេះ។ គោលនយោបាយដែលគេហៅថា EV 3.5 រួមបញ្ចូលទាំងការផ្តល់ការបញ្ចុះតម្លៃចំពោះរថយន្តអគ្គិសនីនាំចូល ការបង្កើតរោងចក្រផលិតរថយន្តអគ្គីសនី ក៏ដូចជាការផ្តល់ការលើកទឹកចិត្តដើម្បីជំរុញការវិនិយោគនៅក្នុងឧស្សាហកម្មផលិតអាគុយសម្រាប់យានយន្តអគ្គិសនីផង។

ក្រុមប្រឹក្សាគោលនយោបាយយានយន្តអគ្គិសនីជាតិថៃ មានបំណងធ្វើឲ្យគោលនយោបាយរថយន្តអគ្គិសនី 3.5 នេះ ចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ ២០២៤ តទៅ ។

លោក ណាត់ថាពុល រាំងសិទ្ធិពុល (Nattapol Rangsitpol) ដែលជាអគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងឧស្សាហកម្ម និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សានេះ បាននិយាយថា នៅពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ក្រុមប្រឹក្សានឹងរង់ចាំការណែនាំច្បាស់លាស់ថាតើរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សានឹងត្រូវផ្លាស់ប្តូរដែរឬទេ។

លោកបានបន្តថា ប្រសិនបើរចនាសម្ព័ន្ធបច្ចុប្បន្ននៅតែមានសុពលភាព ក្រុមប្រឹក្សានឹងដាក់គោលនយោបាយ EV 3.5 ឆ្លងគណៈរដ្ឋមន្ត្រី។ គោលនយោបាយថ្មីនឹងពង្រីក និងពង្រឹងគោលនយោបាយចាស់។ គោលនយោបាយ EV 3.0 គ្រាន់តែផ្តោតលើការផ្តល់ការបញ្ចុះតម្លៃសម្រាប់រថយន្តអគ្គីសនីនាំចូល និងកំណត់គោលដៅផលិតកម្មរថយន្តអគ្គីសនីប៉ុណ្ណោះ។ បច្ចុប្បន្ន កញ្ចប់លើកទឹកចិត្ត EV 3.0 ផ្តល់ការបញ្ចុះតម្លៃរថយន្តអគ្គីសនីរហូតដល់១សែន៥ម៉ឺនបាត ឬជាង៤ពាន់ដុល្លារ ក្នុងមួយគ្រឿង។ កញ្ចប់លើកទឹកចិត្តនេះនឹងផុតកំណត់នៅចុងឆ្នាំ២០២៣។

លោក ណាត់ថាពុល រាំងសិទ្ធិពុល បានបន្តថា គោលនយោបាយថ្មី ពោលគឺ EV 3.5 លើកកម្ពស់ការវិនិយោគលើយានយន្តអគ្គិសនី និងគ្រឿងផ្គុំ, ការបង្កើតស្តង់ដារសម្រាប់យានជំនិះអគ្គិសនីនិងគ្រឿងផ្គុំ, ការបង្កើតមជ្ឈមណ្ឌលពិសោធន៍រថយន្តនិងសំបកកង់ថ្នាក់ជាតិ និងការដំឡើងស្ថានីយ៍សាកអាគុយនៅតាមទីសាធារណៈ។

នៅក្រោមគោលនយោបាយ EV 3.5, រដ្ឋាភិបាលថៃនឹងផ្តល់ការឧបត្ថម្ភធនប្រមាណ១សែនបាត ឬជិត៣ពាន់ដុល្លារ ក្នុងរថយន្តអគ្គិសនីនាំចូលមួយគ្រឿង ហើយតម្រូវឱ្យក្រុមហ៊ុនបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ហើយផលិតក្នុងចំនួនកំណត់មួយដែលសមាមាត្រទៅនឹងចំនួនរថយន្តនាំចូល។

ជារួម អត្ថប្រយោជន៍ និងសិទ្ធិ ដែលមានចែងក្នុងគោលនយោបាយ EV 3.5 មានតិចជាង កញ្ចប់ EV 3.0 បន្តិច ដើម្បីរក្សាភាពយុត្តិធម៌សម្រាប់ក្រុមហ៊ុនផលិតដែលបានចូលរួមក្នុងគោលនកយោបាយចាស់ ប៉ុន្តែគោលបំណងនៃកញ្ចប់គោលនយោបាយថ្មីគឺជំរុញក្រុមហ៊ុនដែលមិនទាន់បានចូលរួមក្នុងកញ្ចប់ EV 3.0 ជាពិសេសក្រុមហ៊ុនរថយន្តអឺរ៉ុប ឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសថៃ។ គេរំពឹងថា កញ្ចប់លើកទឹកចិត្ត EV 3.5 នឹងទាក់ទាញការចាប់អារម្មណ៍របស់ក្រុមហ៊ុនអឺរ៉ុប ខណៈដែលទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ នៅតែបន្តកើនឡើងយ៉ាងខ្លាំង ដោយកំណើនប្រចាំខែមានរាប់រយភាគរយ។តាមការរំពឹងទុក នៅឆ្នាំនេះ ចំនួនរថយន្តអគ្គីសនីចុះបញ្ជីថ្មីនៅថៃនឹងមាន ៦ ម៉ឺនគ្រឿង។

ថៃមានគោលបំណងលើកកម្ពស់ប្រទេសឲ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គីសនីក្នុងតំបន់និងសម្រេចឱ្យបានការផលិតរថយន្តអគ្គិសនី៣០ភាគរយនៅឆ្នាំ២០៣០៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ព្រលានយន្តហោះសៀមរាបអង្គរថ្មីសម្រេចការសាងសង់ជាង៩៨% ហើយគ្រោងដាក់ឲ្យដំណើរការនៅខែតុលា

បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃជាង១ពាន់១រយលានដុល្លារ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអំឡុងខែតុលា ឆ្នាំ២…

ការនាំចេញម្រេចកម្ពុជាដាំក្បាលចុះជាង ៣០% នៅឆមាសទី១ឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?

ការនាំចេញផលិតផលកសិកម្មកម្ពុជាមានការធ្លាក់ចុះគួរឱ្យកាត់សម្គាល់នៅដើមឆ្នាំ២០២៣នេះ ជាក់ស្តែង ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ