អ្នកជំនាញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ

អ្នកជំនាញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ប៉ុន្ដែកុំយកសាច់ប្រាក់ដែលចាំបាច់ក្នុងជីវភាពទៅវិនិយោគ


ខណៈការវិនិយោគក្នុងផ្សារភាគហ៊ុន និងការយកប្រាក់ទៅដាក់ក្នុងធនាគារ ដើម្បីទទួលបានការប្រាក់ ជាដើម កំពុងតែមានការពេញនិយមជាខ្លាំងក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ព្រោះមិនត្រឹមតែជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្លួនឯងនោះទេ ថែមជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជាថែមទៀតផង។
អ្នកជំនាញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ប៉ុន្ដែកុំយកសាច់ប្រាក់ដែលចាំបាច់ក្នុងជីវភាពទៅវិនិយោគ

ក៏ប៉ុន្តែ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា ក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ដែលមានបំណងចូលរួមវិនិយោគត្រូវគិតគូឲ្យបានច្បាស់ពីលទ្ធភាពរបស់ខ្លួន ហើយមិនត្រូវយកសាច់ប្រាក់ដែលចាំបាច់ក្នុងជីវភាពទៅវិនិយោគនោះទេ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា ផ្អែកលើភាពរីកចម្រើននៃសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏កាន់តែមានភាពរីកចម្រើនដែរ ពិសេសទាក់ទងចំណេះដឹងរបស់សាធារណជន និងការចូលរួមវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ។ ឯកឧត្តមបានបន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យគួរចាប់ផ្ដើមរៀនស្វែងយល់ពីរបៀបនៃការសន្សំប្រាក់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្លួនឯង និងរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ។ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានណែនាំថា មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ វិនិយោគិនត្រូវមានការស្វែងយល់ពីចក្ខុវិស័យ និងលទ្ធភាពរបស់ខ្លួនជាមុនសិន ជាពិសេសរយៈពេលនៃការវិនិយោគ កត្តាហានិភ័យ និងប្រាក់ចំណេញ ជាដើម។

យ៉ាងណាក៏ដោយ បើតាមការកត់សម្គាល់របស់ ឯកឧត្តម ស៊ូ សុជាតិ បច្ចុប្បន្ន ការវិនិយោគក្នុងវិស័យផ្សារភាគហ៊ុន និងការយកប្រាក់ទៅដាក់ក្នុងធនាគារ ដើម្បីទទួលបានការប្រាក់ គឺជាវិធីសាស្រ្តវិនិយោគ ដែលកំពុងតែមានការពេញនិយមជាងគេ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ឯកឧត្តម ស៊ូ សុជាតិ បានពន្យល់ថា ការវិនិយោគក្នុងវិស័យផ្សារភាគហ៊ុន និងការដាក់ក្នុងធនាគារដើម្បីទទួលបានការប្រាក់ សុទ្ធតែជាជម្រើសល្អសម្រាប់វិនិយោគិន ក៏ប៉ុន្តែ ក្នុងលក្ខខណ្ឌវិនិយោគិនមានលទ្ធភាពគ្រប់គ្រាន់នោះ វិនិយោគិនគួរតែវិនិយោគទាំងពីរកាន់តែប្រសើរ។

ឯកឧត្តម ស៊ូ សុជាតិ ក៏បានកត់សម្គាល់ទៀតថា ដ្បិតថា វិស័យផ្សារហ៊ុននៅកម្ពុជា មិនទាន់មានភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង ក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្ន មានសាធារណជនកាន់តែច្រើនបានចូលរួមប្រឡូកក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យផ្សារហ៊ុនតែម្ដង។ ដ្បិតវិស័យផ្សារមូលបត្រកម្ពុជា កាន់តែរីកចម្រើន តែអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានអះអាងថា វិស័យផ្សារមូលបត្រនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសជិតខាង។ តួយ៉ាង ដូចជានៅប្រទេសថៃ មានក្រុមហ៊ុនចំនួន ៨០០ក្រុមហ៊ុនឯណោះ ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រ។ ខណៈកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល៕




អត្ថបទបន្ទាប់


តើវៀតណាមប្រឹងប្រែងអ្វីខ្លះ ក្នុងការរក្សាតុល្យភាពរវាងទំនាក់ទំនងជាមួយអាមេរិក និងចិន?

ព័ត៌មាន
មេដឹកនាំកំពូលៗរបស់វៀតណាមកាលពីសប្តាហ៍មុន បាននិយាយពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីចិន និងអាមេរិក។ កិច្ចសន្ទនាបន្តបន្ទាប់គ្នាជាមួយនាយក…

ការផ្តល់ភាគលាភដោយក្រុមហ៊ុនធំៗបំផុតរបស់ចិន កើនឡើងមិនធ្លាប់មានរហូតទៅដល់ ១៧៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២

ព័ត៌មាន
ក្រុមហ៊ុនវាយតម្លៃទីផ្សារនិងវិនិយោគទុនមួយ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ស្តង់ដាអ៊ែនភួ ហ្លូបបល ម៉ាកឃិត (S&P G…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ