ការចាត់វិធាការរបស់រដ្ឋាភិបាលថៃនេះ បានកើតឡើងចំពេលមានការព្រមានថា អាជីវកម្មថៃ ជាច្រើនទំនងជាមិនអាចបន្តជីវិតបានទៀតនោះទេ ដោយសាររលកយក្សស៊ូណាមិនៃទំនិញចិន មានតម្លៃថោកៗ បានរួមចំណែកធ្វើឱ្យមានការបិទរោងចក្រជិត២ពាន់កន្លែងរួចហើយនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់អាស៊ានមួយនេះ នៅប៉ុន្មានឆ្នាំចុងក្រោយ។
សេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថា នឹងមានកំណើន២,៦% នៅឆ្នាំនេះ ដែលនឹងជំរុញដោយវិស័យទេសចរណ៍ និងការនាំចេញ។ ទិន្នផលរោងចក្រសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះជាង២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភូមថាំ វ៉េឆាយ៉ាឆៃ (Phumtham Wechayachai) បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសថៃនឹងបង្កើតក្រុមការងារមួយដែលមានភ្នាក់ងាររដ្ឋាភិបាលចំនួន២៨រូប ដែលនឹងជួបប្រជុំគ្នារៀងរាល់ពីរសប្តាហ៍ម្តង ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិដើម្បីការពារការចែកចាយទំនិញខុសច្បាប់។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា វិធានការផ្សេងទៀត រួមមាន ការបង្កើនចំនួនទំនិញគ្រប់គ្រងនៅក្រោមច្បាប់ឧស្សាហកម្ម និងឱសថ និងការបង្កើនការត្រួតពិនិត្យកុងតឺន័រឱ្យបានញឹកញាប់ជាបន្តបន្ទាប់។ កាលពីខែមិថុនា ប្រទេសថៃ បានបង្កើនពន្ធលើតម្លៃបន្ថែម៧% លើទំនិញនាំចូលដែលមានតម្លៃក្រោម៤៤ដុល្លារ៕
អត្ថបទ៖ សុខ មង្គល