ថៃកំពុងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

ថៃបារម្ភទឹកជំនន់វាយប្រហារតំបន់វាលទំនាបភាគកណ្ដាល ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់ខ្លួន


ប្រទេសថៃភាគខាងជើងកំពុងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទឹកជំនន់នេះអាចវាយប្រហារដល់តំបន់វាលទំនាបភាគកណ្ដាល ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈដែលអ្នកជំនាញព្រមានថាអាចនឹងមានទឹកជំនន់បន្ថែមទៀតនៅចន្លោះខែកញ្ញា ដល់ខែតុលា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
ថៃកំពុងជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ
ដោយ

ប្រទេសថៃ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ ត្រូវបានស្ថាប័នជំនាញឧតុនិយមព្យាករថា អាចនឹងទទួលរងព្យុះភ្លៀងបន្ថែមទៀតនៅចន្លោះពីខែកញ្ញា ដល់ខែតុលា ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួន។ នេះបើតាមការលើកឡើងរបស់លោក ស៊ីរី ស៊ូប្រាធីត (Seree Supratid) អ្នកជំនាញអាកាសធាតុរបស់ថៃ។

អ្នកជំនាញរូបនេះលើកឡើងថា តំបន់មួយចំនួនដូចជាត្រាត(Trat) និងភូកេត ជាដើមបានស្ថិតក្នុងចំណោមខេត្តចុងក្រោយគេបង្អស់របស់ថៃ ដែលរងគ្រោះដោយសារព្យុះភ្លៀងនេះរួចទៅហើយ ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា អាចមានទឹកជំនន់ដែលបង្កការខូចខាតក្នុងទំហំស្រដៀងគ្នានេះកើតឡើងនៅតំបន់វាលទំនាបភាគកណ្ដាល ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ហានិភ័យនៃទឹកជំនន់នេះបានជំរុញឱ្យអាជ្ញាធរថៃ ចាត់វិធានការជាបន្តបន្ទាប់ដើម្បីការពាររោងចក្រនានា ជាពិសេសរោងចក្រដែលស្ថិតនៅតាមតំបន់ទំនាប ហើយបណ្ដាថ្នាក់ដឹកនាំអាជីវកម្មកំពុងជំរុញឱ្យរដ្ឋាភិបាលថៃ បង្កើតយុទ្ធសាស្រ្តគ្រប់គ្រងទឹកជំនន់ឱ្យកាន់តែប្រសើរឡើង ទោះបីជាអ្នកខ្លះជឿថា ស្ថានភាពទឹកជំនន់បច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងណាក៏ដោយ។

ទន្ទឹមនឹងការព្រួយបារម្ភ អាជ្ញាធរសួនឧស្សាហកម្មថៃ (IEAT) មានទំនុកចិត្តថា ជញ្ជាំងការពារទឹកជំនន់ និងវិធានការផ្សេងៗទៀតនឹងអាចការពារតំបន់សួនឧស្សាហកម្មបាន។ អាជ្ញាធរសួនឧស្សាហកម្មថៃ (IEAT) កំពុងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើតំបន់ដែលត្រូវបានជន់លិចខ្លាំងកាលពីអំឡុងឆ្នាំ២០១១ ដូចជាអយុធ្យា និងបាងកក ជាដើម ហើយកំពុងសម្របសម្រួលជាមួយបណ្ដាប្រតិបត្តិករសួនឧស្សាហកម្ម និងអាជ្ញាធរកំពង់ផែដើម្បីធានាបាននូវការត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ស្កាត់ការខូចខាតដែលអាចកើតមានដោយសារទឹកជំនន់។

ទោះបីជាទឹកជំនន់ជន់លិចដីកសិកម្ម និងផ្ទះសំបែងរបស់ពលរដ្ឋអស់ជាច្រើនយ៉ាងណាក្ដី ក៏សហព័ន្ធឧស្សាហកម្មថៃ (FTI) រាយការណ៍ថា រហូតមកទល់ពេលនេះរោងចក្រនានាមិនទាន់ទទួលរងផលប៉ះពាល់ដោយផ្ទាល់នៅឡើយទេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ADB ផ្តល់កម្ចី និងជំនួយឥតសំណងជាង៩៣លានដុល្លារដល់កម្ពុជា ដើម្បីជំរុញការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យនៅតំបន់ជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងជាង៩៣លានដុល្លារដល់កម្ពុជា ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ