ថៃនឹងផ្ដល់ភាពស្របច្បាប់

ថៃនឹងផ្ដល់ភាពស្របច្បាប់ដល់កម្មករបរទេសរួមទាំងកម្ពុជា ក្រោយជួបបញ្ហាខ្វះកម្លាំងពលកម្ម


ប្រទេសថៃដែលកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មក្រោយការចាកចេញរបស់ពលរដ្ឋខ្មែរ បន្ទាប់ពីបើកការឈ្លានពានលើប្រទេសកម្ពុជា នឹងផ្តល់ទិដ្ឋាការដល់កម្មករចំណាកស្រុកមកពីប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម រួមទាំងកម្ពុជា ដើម្បីឱ្យពួកគេអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសនេះដោយស្របច្បាប់។ ការផ្តល់ភាពស្របច្បាប់ដល់ប្រមាណ៧០ម៉ឺននាក់នេះនឹងធ្វើឡើងចន្លោះពីថ្ងៃទី១៥-២៩ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
ថៃនឹងផ្ដល់ភាពស្របច្បាប់
ដោយ

រដ្ឋមន្ត្រីក្រសួងការងារថៃ លោកស្រី ទ្រីនុច ធៀនថង (Treenuch Thienthong) បានប្រកាសកាលពីថ្ងៃទី៦ ខែតុលា ថា ប្រទេសថៃនឹងបើកការចុះឈ្មោះរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ ខែតុលា សម្រាប់ពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវមកពីប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាមរួមទាំងកម្ពុជា ដើម្បីអនុញ្ញាតឱ្យពួកគេអាចស្នាក់នៅ និងធ្វើការដោយស្របច្បាប់ក្នុងប្រទេសនេះក្នុងរយៈពេលមួយឆ្នាំ។

ការផ្តល់ភាពស្របច្បាប់ដល់កម្មករចំណាកស្រុកនេះ វាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងនាំយកកម្មករគ្មានឯកសារត្រឹមត្រូវចូលក្នុងប្រព័ន្ធការងារផ្លូវការរបស់ថៃ។ ក្រសួងការងារថៃបានប៉ាន់ប្រមាណថា បច្ចុប្បន្នពលករចំណាកស្រុកប្រមាណជិត៣៤ម៉ឺននាក់នៅមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធការងារផ្លូវការនៅឡើយទេ រួមទាំងអ្នកកាន់លិខិតអនុញ្ញាតការងារផុតកំណត់ផងដែរ ហើយផ្អែកលើយុទ្ធនាការចុះឈ្មោះពីមុនមក មន្ត្រីរំពឹងថា ការចុះឈ្មោះលើកនេះនឹងមានកម្មករពី៥០ម៉ឺន ទៅ៧០ម៉ឺននាក់។

បើតាមការគូសបញ្ជាក់របស់ក្រសួងការងារថៃ ការចុះឈ្មោះដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺសម្រាប់តែពលករចំណាកស្រុក ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ហើយខ្វះភាពស្របច្បាប់តែប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់៕
ដោយ៖ សុខ មង្គល ​




អត្ថបទបន្ទាប់


ចំណាត់ការប្រឆាំងគ្រឿងញៀនរបស់លោក ត្រាំ កំពុងផ្ដាច់ចំណងការទូតរវាងអាម៉េរិក និងវេណេស៊ុយអេឡា

ចំណាត់ការប្រឆាំងគ្រឿងញៀនដ៏ក្តៅគគុករបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកកំពុងកាត់ផ្តាច់ចំណងការទូតរវាងសហរដ្ឋអាម៉េរិក និងប្រទេ…

អាជ្ញាធរវៀតណាមលុបគណនីធនាគារ១៥៤លានគណនី និងរាំងខ្ទប់ប្រតិបត្តិការជិត៥៧លានដុល្លារ

ដើម្បីឈានទៅសម្រេចមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតំបន់ ធនាគារកណ្តាលវៀតណាមបានពង្រឹងច្បាប់ និងយន្តការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ