បើតាមទិន្នន័យស្ដីពីការកក់ជើងហោះហើរនៅលើកម្មវិធីអេបរបស់ចិនមួយបានបង្ហាញថា ប្រទេស ថៃគឺជាទិសដៅដ៏ពេញនិយមបំផុតសម្រាប់ជនជាតិចិន បន្ទាប់មកគឺប្រទេសជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម សហរដ្ឋអាម៉េរិក ហ្វីលីពីន និងអូស្ត្រាលី។
Global Times បានរាយការណ៍ថា ការកក់ជើងហោះហើរទៅកាន់ប្រទេសជប៉ុន បានកើនឡើងជាង៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដោយធ្វើឱ្យជប៉ុនក្លាយជាគោលដៅមានកំណើនធំបំផុតនៅក្នុងចំណោមគោលដៅកំពូលទាំង១០នេះ។ ចំណែកការកក់ជើងហោះហើរសម្រាប់ប្រទេសថៃនិងម៉ាឡេស៊ីវិញ បានកើនឡើងជាង៣០% និងកើនឡើងទ្វេដងសម្រាប់សិង្ហបុរី។
ទន្ទឹមនឹងនេះ ទិន្នន័យពីកម្មវិធីអនឡាញ Ctrip បានបង្ហាញថា ប្រទេសវៀតណាម បានស្ថិតក្នុងបញ្ជីនៃគោលដៅវិស្សមកាលដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន នៅក្នុងពេលឈប់សម្រាកនេះដែរ។ ជាក់ស្ដែង ប្រទេសនេះបានទទួលភ្ញៀវទេសចរចិន ជាង១លាន២សែននាក់ តាំងពីដើមឆ្នាំរហូតដល់មកដល់ពេលនេះ ដោយកើនឡើងជិត៦០% បើធៀបនឹងតួលេខសរុបកាលពីឆ្នាំមុន៕